ភ្នំពេញ ៖ ស្ត្រី២នាក់បងប្អូន រងរបួសធ្ងន់បាក់ជើងស្តាំទាំង២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តPriusបើករំលោភភ្លើងស្តុប ជ្រុលទៅបុកជាមួយម៉ូតូហុងដាឌ្រីម រថយន្តបើករត់ អ្នកបើកបរភ័យស្លន់ស្លោ សន្លប់បាត់ស្មារតី កាលពីវេលាម៉ោង១២រំលងអធ្រាត្រចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅស្តុប ផ្លូវ៦០ម៉ែត្រ កែងផ្លូវ៥០ម៉ែត្រ ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ច បានឱ្យដឹងថា ភាគីខាងម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KL-1257បើកបរដោយឈ្មោះ រុំ សុវណ្ណនីដា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ រួមដំណើរជាមួយ ឈ្មោះ រុំ សុជាតា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ ត្រូវជាបងស្រី ។ ជនរងគ្រោះទាំង២នាក់បងប្អូនមានទីលំនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រងរបួសបាក់ជើងស្តាំទាំង២នាក់បងប្អូន ។

ប្រភពបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុបគ្នាពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បត់ឆ្វេង ស្រាប់តែរថយន្តPrius ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BO-4549 បើកពីត្បូងទៅជើង មិនឈប់ភ្លើងស្តុប បន្តបើកឆ្លង ជ្រុលទៅបុកម៉ូតូ ជនរងគ្រោះ ប៉ើងខ្ទាតច្រើនម៉ែត្រ រងរបួសធ្ងន់ទាំង២នាក់បងប្អូន ហើយរថយន្តបន្ថែមល្បឿនបើករត់គេច រហូតដល់ខាងមុខផ្សារអុីអន៣ ពលរដ្ឋ សមត្ថកិច្ចតាមឃាត់បាន អ្នកបើកបររថយន្ត ភ័យពេក រហូតដល់សន្លប់បាត់ស្មារតី ។

ក្រោយកើតហេតុ ជនរងគ្រោះ២នាក់បងប្អូន ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកច្បារអំពៅទទួលដឹក ចំណែកអ្នកបើកបររថយន្តPrius ដែលបានសន្លប់ ត្រូវបានរថយន្តសង្គ្រោះរបស់បង្អែកមានជ័យ ទទួលដឹក សរុបទាំង៣នាក់ បញ្ជូនទៅមន្ទីរពេទ្យរុស្សុី ។ រីឯរថយន្តនិងម៉ូតូ ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.