ភ្នំពេញ៖ បុរសម្នាក់វិលមកពីផឹកសុីស្រវឹងជោគ ព្យាយាមជិះម៉ូតូគេចពីគោលដៅសមត្ថកិច្ចបានសម្រេច ស្រាប់តែជ្រុលបុកពីក្រោយម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យរងរបួសធ្ងន់ខ្លួនឯងសន្លប់ស្តូក កាលពីវេលាម៉ោង៩និង២៥នាទី យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ដាំ សៅវត្តី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះនៅបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើត ភូមិពង្រ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
តាមសម្តីជនរងគ្រោះ មុនពេលសន្លប់បានឱ្យដឹងថា មុនកើតហេតុ ខណៈដែលជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IC-2019 វិលត្រឡប់មកពីផឹកសុី ដឹងថាខ្លួនឯងស្រវឹងហើយ ខ្លាចសមត្ថកិច្ចចាប់ឃាត់ត្រួតពិនិត្យជាតិស្រវឹង នៅខាងមុខព្រលាន ក៏បានជិះវៀងតាមផ្លូវក្នុង លុះដល់ផ្លូវជាតិលេខ៤ ពីកើតទៅលិច ជិតដល់ផ្ទះជួលហើយ ស្រាប់តែជ្រុលចង្កូតទៅប៉ះម៉ូតូគេពីក្រោយ ។

ក្រោយកើតហេតុជនរងគ្រោះ ថ្វីដ្បិតគេចផុតពីគោលដៅសមត្ថកិច្ចត្រួតពិនិត្យជាតិស្រវឹង ពិតមែន តែអំណាចនៃជាតិស្រវឹង ធ្វើឱ្យបាត់បង់ម្ចាស់ការ ជួបគ្រោះថ្នាក់ របួសខ្លួនឯង សំណាងហើយមិនរបួសដល់អ្នកដទៃ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕

អត្ថបទ៖ តាតុងសែនជ័យ

