ភ្នំពេញ ៖ បុគ្គលិកផ្ទះសំណាក់ម្នាក់ ប្រទះឃេីញបុរសជនជាតិអាល្លឺម៉ង់ម្នាក់ ដេកស្លាប់ផ្កាប់មុខនៅលើឥដ្ឋការ៉ូក្នុងបន្ទប់ស្នាក់នៅ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២នឹង៣០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នៅចំណុចបន្ទប់លេខ១០២ ផ្ទះសំណាក់ញូវខាសល១ ផ្ទះលេខ២៨ ផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ HASLAUER ARMIN HARALD ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិអាល្លឺម៉ង់ មុខរបរទេសចរណ៍ ស្នាក់នៅបន្ទប់កើតហេតុខាងលើ។
តាមប្រភពបុគ្គលិកផ្ទះសំណាក់ វេនយប់ បបានប្រាប់ឱ្យដឹងថា នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ មាននារីម្នាក់មិនបានស្គាល់អត្តសញ្ញាណមកជួលបន្ទប់លេខ១០២ ស្នាក់នៅ។ បន្តិចក្រោយមកនារីម្នាក់នោះបានចេញទៅក្រៅរួចដឹកដៃជនរងគ្រោះចូលមកក្នុងផ្ទះសំណាក់ ហើយនាំគ្នាឡើងទៅបន្ទប់ លុះនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ក៏ប្ដូរវេនបុគ្គលិកពេលព្រឹក ហេីយនៅវេលាម៉ោងប្រហែល១២នឹង៣០នាទី បុគ្គលិកវេនព្រឹកបានឡើងទៅគោះទ្វារសួរ បន្ទប់ជនរងគ្រោះ ព្រោះដល់ម៉ោងគិតថ្លៃបន្ទប់បន្ត ពេលឡើងទៅគោះទ្វារស្រែកហៅគ្មានសម្លេងតបទ្វារជាប់សោរ ទើបយកសោរកាតស្គេនបើកចូល ឃើញជនរងគ្រោះ ស្លាប់ផ្កាប់មុខនៅលើឥដ្ឋការ៉ូក្នុងបន្ទប់ ក៏ប្រញាប់ទៅប្រាប់អ្នកគ្រប់គ្រងហើយបានទូរស័ព្ទទៅសួរបុគ្គលិកវេនយប់ ទើបដឹងថានារីដែលនាំជនរងគ្រោះមក បានចេញទៅវិញតាំងពីម៉ោង១២យប់ម្លេះ។

ក្រោយមកសមត្ថកិច្ចជំនាញបានពិនិត្យកន្លែងកើតហេតុ និងធ្វើកុសល្យវិច្ច័យសព គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញរួចបានសន្និដ្ឋានថា ជនបជនបរទេសរូបនោះបានស្លាប់ដោយគាំងបេះដូង បណ្ដាលមកពីប្រើប្រាស់សារធាតុញៀនប្រភេទម៉ាកហ្វីន។ បច្ចុប្បន្នសពត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុដឹកយកទៅ តម្កល់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រងចាំស្វែងរកសាច់ញ្ញាត្តិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីរបស់ខ្លួន៕

អត្ថបទ៖ សេង សាវី

