ភ្នំពេញ ៖ ម៉ូតូPCXមួយគ្រឿងបើកបោះពួយល្បឿនលឿន ជ្រុលទៅបុកជាមួយម៉ូតូហុងដាឌ្រីម កំពុងបត់ឆ្លងផ្លូវ រងរបួសធ្ងន់សងខាង ដេកសន្លប់ស្តូកស្តឹង ម៉ូតូទាំង២គ្រឿងរងខូចខាងធ្ងន់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវបេតុងតាកន ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា ភាគីខាងម៉ូតូម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HY-0950 បើកបរដោយឈ្មោះ តែល ភារុន ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកភាគីខាងម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1S-0258 បើកបរដោយឈ្មោះ ជ័យ ស៊ាងហ៊ាន ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពបន្តទៀតថា មុនកើតហេតុ ម៉ូតូPCX បើកលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុ បុកជាមួយម៉ូតូហុងដាឌ្រីម ជិះពីលិចទៅកើត បត់ឆ្វេងឆ្លងផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់សងខាង ម៉ូតូខូចខាតធ្ងន់ទាំង២គ្រឿង ។

ក្រោយកើតហេតុ ជនរងគ្រោះខាងម៉ូតូហុងដាឌ្រីម ត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូយកទៅពេទ្យដោយខ្លួនឯង ចំណែកជនរងគ្រោះខាងម៉ូតូPCXត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ រីឯម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

