ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ធមួចំនួន១៤ខ្នង នៅក្នុងខណ្ឌដូនពេញ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១៩: ៤០នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយ សម្តេចសុធារស ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថាវេលាម៉ោង ១៩:៤០ នាទីយប់ គេឃេីញមានផ្សែងខ្មៅហ៊ុយចេញពីផ្ទះមួយខ្នង ភ្លាមៗប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីទំនាក់ទំនងទៅរថយន្ដពន្លត់អគ្គិភ័យ និងកម្លាំងជំនាញពន្លត់អគ្គិភ័យជួយអន្តរាគមន៍ ប្រមាណជា១០នាទីក្រោយមក ក៏មានអណ្តាតភ្លេីងឆាបឆេះឡេីងយ៉ាងសន្ធោសន្ធៅរហូតរាលដាលដល់ផ្ទះជិតគ្នាចំនួន១៣ខ្នងតែម្តង។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹថា ម្ចាស់រងគ្រោះមានឈ្មោះ: ហង្ស ដារ៉ាតូ ភេទ ប្រុស អាយុ ៤០ឆ្នាំ
ជនជាតិខែ្មរ មុខរបរជាអ្នកលក់ដូរ បានខូចខាតផ្ទះ សង់ពីថ្មប្រក់ស័ង្កសី ទំហំ០៨ម៉ែត្រ x០៨ម៉ែត្រ។ និងបបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាង១៣ខ្នងទៀត។

នៅក្នុងប្រតិបត្តិការណ៍ខាងលើ កម្លាំងអន្តរាគមន៍បានប្រើប្រាស់រថយន្តពន្លត់អគ្គភ័យចំនួន ២២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៦៦ឡាន ស្មើនឹង ២៦៤ម៉ែត្រគូប ទើបអាចគ្រប់គ្រងស្ថានការណ៍បាន មិនឱ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត ។ ដោយភ្លើងរលត់ទៅវិញនៅម៉ោង ២១នឹង៣០នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល និងមិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ៕

អត្ថបទ៖ ទូច វិច្ឆិកា

