រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ដឹកចំណីត្រី មួយគ្រឿង ពេលអ្នកបើកបរងងុយដេកងោកមួយ ភាំងនៅពេលបើកបរ បានជ្រុលចង្កូតទៅបុក របាំងថ្មខណ្ឌចែកទ្រូវផ្លូវជាតិលេខ ៥និងបង្គោល ភ្លើង រួចរថយន្តក៏បានបន្តល្បឿន ជ្រុលធ្លាក់ប្រឡាយ ទឹកស្អុយ។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៣និង៤០នាទី ទៀបភ្លឺ ថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២១ នៅតាមផ្លូវ ជាតិលេខ៥ ត្រង់ចំណុចប្រឡាយទឹកស្អុយ គីឡូម៉ែត្រលេខ៩ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

 រថយន្តបង្កគ្រោះថ្នាក់ម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ៣B-២៥៨៧ និង មានកន្ទុយសណ្ដោងស្លាកលេខកំពង់ចាម៤A-០១១៤ បើកបរដោយឈ្មោះ ហេង សីហា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិអន្លង់ក្រាយឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់និងរួមដំណើរជាមួយព្រូ ឈ្មោះ សៀង ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិស្វាយអាត់ ឃុំស្វាយអាត់ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ។

 ទាក់ទិនគ្រោះថ្នាក់នេះ តាមរបាយការណ៍ នគរបាលមូលដ្ឋាន បានអោយដឹងថា បណ្តាលមកពីអ្នកបើកបរ ងោកមួយភាំង ។

តាមព័ត៌មានអោយដឹងថា  មុនពេលកើតហេតុ រថយន្តដឹកចំណីត្រីមួយគ្រឿងខាងលើបាន ធ្វើដំណើរតាមផ្លូវជាតិលេខ ៥ក្នុងទិសដៅពីជើងទៅត្បូងចូលរាជធានីភ្នំពេញ។ នៅពេល មកដល់ចំណុចកើតហេតុខាងលើអ្នកបើកបរ ងងុយគេង ងោកមួយភាំង បានរ៉េចង្កូតទៅ ឆ្វេងដៃ បុករបាំងថ្ម ខណ្ឌចែកទ្រូងផ្លូវបណ្តាលឲ្យបាក់៣កង់និងបង្គោលភ្លើងគោមបំភ្លឺផ្លូវ បាក់ទ្រេត១ដើម។

ដតាមព័ត៌មានបានឲ្យដឹងទៀតថា បន្ទាប់ពីគ្រោះថ្នាក់រថយន្ត នៅបន្តល្បឿនក៏បានជ្រុល ទៅធ្លាក់ប្រឡាយតែម្ដងបណ្ដាលអោយរងការខូចខាតហើយ ចំណីសត្វ ក៏បានដាច់ តង់គ្របធ្លាក់ទៅក្នុងប្រឡាយ មួយចំនួន ។បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបរ ព្រមទាំងព្រូបាន លូនចេញ ដោយពុំបណ្តាលអោយរងរបួសឡើយ ។នៅយប់នោះ នគរបាលមូលដ្ឋាន រួមទាំងខាងក្រុមហ៊ុន រថយន្តក៏បានចុះទៅកន្លែងកើតហេតុដោយសារតែ រថយន្តធុនធ្ងន់ ក៏បានទុកចោល រហូតដល់ព្រឹកឡើងទើបហៅរថយន្តមកសេង ទំនិញ ព្រមទាំងស្ទួចយក រថយន្តបញ្ជូន ទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានី ភ្នំពេញដើម្បីដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណៈ៕

អត្ថបទ៖ស្វាយភឿន

Share.