បូហ្គោតា៖ អាជ្ញាធរនៃប្រទេសកូឡុំប៊ី បានចាប់កង្កែបពុលចំនួន ១៣០ក្បាល ដែលត្រូវបានជួញដូរតាមអាកាសយានដ្ឋានបូហ្គោតា កាលពីថ្ងៃចន្ទ (២៩ មករា) នេះ ហើយបានចាប់ខ្លួនស្ត្រីជនជាតិប្រេស៊ីលម្នាក់ជាអ្នកជួញដូរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤។

ស្ត្រីរូបនេះបានដឹកជញ្ជូនកង្កែបពុល ប្រភេទ harlequin ចម្រុះពណ៌ (oophaga histrionica) នៅពេលធ្វើដំណើរទៅកាន់ទីក្រុង Sao Paulo ដោយឈប់សម្រាកនៅទីក្រុងប៉ាណាម៉ា។

លោកស្រី Adriana Soto រដ្ឋលេខាធិការបរិស្ថាននៃទីក្រុង បូហ្គោតា បាននិយាយនៅក្នុងវីដេអូមួយដែលបានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយថា «ស្រ្តីរូបនោះបានអះអាងថា សហគមន៍ក្នុងតំបន់បានផ្តល់ឱ្យពួកគេជាអំណោយ»។
កង្កែបប្រភេទ Harlequin មានពិស មានទំហំតូចជាង ៥សង់ទីម៉ែត្រ និងរស់នៅក្នុងព្រៃសើម តាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក រវាងប្រទេសអេក្វាឌ័រ និងកូឡុំប៊ី ក៏ដូចជានៅក្នុងប្រទេសផ្សេងទៀតនៅអាមេរិកកណ្តាល និងខាងត្បូង។

ជុំវិញបញ្ហានេះ មេបញ្ជាការប៉ូលីសបូហ្គោតា លោក Juan Carlos Arevalo បាននិយាយថា «ប្រភេទសត្វជិតផុតពូជនេះ ត្រូវបានស្វែងរកនៅលើទីផ្សារអន្តរជាតិ» ដោយបន្ថែមថា «គេអាចចំណាយប្រាក់ទិញរហូតដល់ ១,០០០ដុល្លារអាមេរិកក្នុងមួយក្បាល»។

ប៉ូលីសបានរាយការណ៍ថា ស្ត្រីដែលជួញដូរកង្កែបនោះត្រូវបានចាប់ខ្លួន «ពីបទឧក្រិដ្ឋកម្មជួញដូរសត្វព្រៃ» មុនពេលត្រូវបានប្រគល់ឱ្យការិយាល័យព្រះរាជអាជ្ញា។
សូមជម្រាបថា ការជួញដូរសត្វ គឺជារឿងធម្មតានៅក្នុងប្រទេសកូឡុំប៊ី ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានជីវចម្រុះបំផុតនៅក្នុងពិភពលោក ជាពិសេស គឺពពួកសត្វ amphibians ថនិកសត្វតូចៗ និងផ្នែកសត្វសមុទ្រ ដូចជាត្រីឆ្លាមជាដើម៕

