រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់មិនឱ្យមានការចេញ-ចូលកំណាត់ផ្លូវលេខ ៣៥ ក្រុម១៧ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលមានការឆ្លងរាល ដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង សូន្យ ថ្ងៃទី១៣ ដល់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នូវមេរោគ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់នៅក្នុងសេចក្តីសម្រេចរបស់ខ្លួនថា ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់នេះ ត្រូវបានហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំឬ ការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងខាងលើលើកលែងតែករណីចំបាច់ដូចជា ៖ ការចេញ-ចូល ដោយមូលហេតុសុខភាពបន្ទាន់- ការចេញ-ចូល ដើម្បីផ្តល់វត្ថុសំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន- ការវិលត្រឡប់ទៅលំនៅឋាន ឬ ទីសំណាក់ របស់ ខ្លួនវិញរបស់បុគ្គល ដែលបានបញ្ចប់ការធ្វើបត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬ កន្លែង សម្រាកព្យាបាល ចូលក្នុងទីតាំងបិទខ្ទប់ ដោយមានការសម្របសម្រួល របស់អាជ្ញាធរ មាន សមត្ថកិច្ច ការចេញ-ចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល និងអាជ្ញាធរមាន សមត្ថកិច្ច ដើម្បីអនុវត្តវិធានការសុខាភិបាល ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងកាត់ផ្ដាច់ ឆ្លងរាលដាល នូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍ជាដើម។

ក្នុងនោះដែររាល់ការចេញ-ចូល និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ដែលត្រូវបានលើកលែង ខាងលើនេះ ត្រូវអនុវត្ត វិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវ ប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា៕

Share.