គូឡាឡាំពួ៖ ព្រះចៅស៊ូលតង់ អ៉ីប្រាហ៉ីម ស៊ូលតង់ អ៉ីសកាន់ដា (Sultan Ibrahim Sultan Iskandar) មកពីរដ្ឋ ចូហូ (Johor) បានស្បថចូលកាន់តំណែងជាផ្លូវការ ជាព្រះមហាក្សត្រទី១៧ របស់ប្រទេសម៉ាឡេស៊ី ជាលើកដំបូង រយៈពេលជាង៣៤ឆ្នាំ បន្ទាប់ពីការសោយរាជ្យរបស់ព្រះបិតាទ្រង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។

មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុង Johor Bahru និង Kuala Lumpur ដើម្បីអបអរសារទរព្រះមហាក្សត្រថ្មី ព្រះជន្ម៦៤ព្រះវស្សា ខណៈការតែងតាំងរបស់ព្រះអង្គ បានបង្កើនក្តីសង្ឃឹមថា នឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសេដ្ឋកិច្ច ការទូត និងឯកភាពជាតិ។

ព្រះចៅស៊ូលតង់ អ៉ីប្រាហ៉ីម បានឡើងកាន់តំណែងនៅព្រះបរមរាជវាំងជាតិម៉ាឡេស៊ី នៅថ្ងៃពុធ សប្ដាហ៍នេះ នៅក្នុងពិធីដ៏អធិកអធមមួយដែលមានលក្ខណៈប្រពៃណីជាច្រើនសតវត្ស។ ព្រះអង្គ ត្រូវក្លាយជាព្រះមហាក្សត្រថ្មី បន្ដពីព្រះចៅស៊ូលតង់ Al-Sultan Abdullah ដែលទ្រង់នឹងវិលត្រឡប់ទៅដឹកនាំរដ្ឋ Pahang របស់ទ្រង់វិញ ក្រោយកាន់តួនាទីជាព្រះមហាក្សត្រអស់រយៈពេល ៥ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៩ មក។

នៅចំពោះមុខប្រជាជនជាច្រើននាក់ រួមទាំងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម, ព្រះចៅស៊ូលតង់ អ៉ីប្រាហ៉ីម បានចុះហត្ថលេខាលើលិខិតតែងតាំង នៅក្រោមប្រព័ន្ធរាជានិយម ដែលមានលក្ខណៈពិសេសមួយ គឺព្រះចៅស៊ូលតង់ប្រចាំរដ្ឋចំនួន៩ នៃប្រទេសម៉ាឡេស៊ី ត្រូវឆ្លាស់វេនឡើងកាន់តំណែងជាព្រះមហាក្សត្រ ដែលត្រូវបានគេហៅថា Yang di-Pertuan Agong ឬ Supreme Ruler រៀងរាល់រយៈពេល ៥ឆ្នាំម្ដង។

ព្រះចៅស៊ូលតង់ អ៉ីប្រាហ៉ីម ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រក្នុងខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីព្រះចៅស៊ូលតង់ប្រចាំរដ្ឋចំនួន៩ របស់ប្រទេសនេះ បានជួបប្រជុំគ្នានៅឯសន្និសីទនៃអ្នកគ្រប់គ្រងប្រទេសមួយ។

សូមជម្រាបថា ម៉ាឡេស៉ី ព្រះមហាក្សត្រមិនកាន់អំណាចនោះទេ ប៉ុន្តែឥទ្ធិពលរបស់ទ្រង់ត្រូវគេមើលឃើញថា បានកើនឡើងក្នុងពេល ប៉ុន្មានឆ្នាំកន្លងមកនេះ ដោយទ្រង់បានប្រើ់អំណាចដែលកម្រនឹងប្រើ ដើម្បីជួយដោះស្រាយ វិបត្តិអស្ថិរភាពនយោបាយ នៅក្នុងប្រទេស៕

