រាជរដ្ឋាភិបាលនឹងផ្តល់ទិដ្ឋាការពិសេសរយៈពេល ៣ឆ្នាំ សម្រាប់វិនិយោគិន ដែលទិញឬជួលអចលនទ្រព្យរយៈពេលវែងក្នុងខេត្តព្រះសីហនុ ដែលមានតម្លៃលើសពី ១០០ ០០០ដុល្លារអាមេរិក ដោយប្រភេទនៃទិដ្ឋាការពិសេសនេះត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។
ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ការផ្តល់ទិដ្ឋាការពិសេសរយៈពេល ៣ឆ្នាំ សម្រាប់វិនិយោគិនដែលទិញ ឬជួលអចលនទ្រព្យរយៈពេលវែង ក្នុងខេត្តព្រះសីហនុដែលមានតម្លៃលើសពី ១០០ ០០០ដុល្លារអាម៉េរិក ដោយប្រភេទនៃទិដ្ឋាការពិសេសនេះ ត្រូវកំណត់ដោយ អនុក្រឹត្យដោយឡែក»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ក្រៅពីនេះរាជរដ្ឋាភិបាលក៏មានផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖ ការរៀបចំតំបន់គម្រោងវិនិយោគ ឬតំបន់អភិវឌ្ឍនៅតាមភូមិ, សង្កាត់ និងផ្លូវសំខាន់ៗ ដូចជា តំបន់ទេសចរណ៍ពិសិដ្ឋ, តំបន់លក់ទំនិញរួចពន្ធដែលគ្រប់ជាតិសាសន៍អាចទិញទំនិញបាន, វិថីអាហារ និងរមណីយដ្ឋាន/កន្លែងកម្សាន្ត ជាដើម ជាជំហានៗ ស្របតាមសក្តានុពល និង ភូមិសាស្ត្រជាក់ស្ដែង, ការពន្លឿនការត្រួតពិនិត្យគយ ក៏ដូចជាការកែសម្រួល និងការផ្តល់សេវាល្អជូនដល់ភ្ញៀវទេសចរ និងវិនិយោគិន, ទាំងនៅពេលមកដល់, ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ។

សម្តេចមហាបវរធិបតី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនឹងធ្វើការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងសួនឧស្សាហកម្មធំៗ, ជាពិសេសការពង្រឹងតំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ឱ្យឈានដល់កម្រិតស្តង់ដាអន្តរជាតិ លើគ្រប់ទិដ្ឋភាព រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ; ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត វត្ថុធាតុដើម និងធាតុចូលផ្សេងៗ កិច្ចសម្រួលការដឹកជញ្ជូន និងពាណិជ្ជកម្ម ការលើកទឹកចិត្ត និងវិធានការគាំទ្រ ផ្សេងទៀត, ការសម្របសម្រួលក្នុងការអភិវឌ្ឍដីដែលមានសក្តានុពល (ដីកម្មសិទិ្ធរដ្ឋ ឬ ឯក- ជន) ដើម្បីប្រែក្លាយដីទាំងនេះ ទៅជាតំបន់ប្រមូលផ្ដុំឧស្សាហកម្ម ឬ សហគ្រាស និង/ឬ តំបន់ទេសចរណ៍ ដែលរាជរដ្ឋាភិបាលនឹងចូលរួមគាំទ្រផ្នែកគោលនយោបាយលើកទឹកចិត្ត, ការអនុគ្រោះ និងហេដ្ឋារចនាសម្ព័ន្ធនានា៕



