សិល្បៈជាតិ៖ បើតាមលោកជំទាវសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ នាពេលថ្មីៗនេះ បានថ្លែងថា ក្រសួងនឹងត្រៀមស្នើរដាក់បញ្ចូលប្រាសាទបុរាណខ្មែរចំនួន ៣ រួមមាន ប្រាសាទបន្ទាយឆ្មារ ប្រាសាទភ្នំជីសូរ និងប្រាសាទភ្នំដា ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ក្នុងអត្ថបទនេះ ត្រយងនឹងនាំអារម្មណ៍ប្រិយមិត្តទាំងមកស្គាល់ពីប្រវត្តិ និងទីតាំងរបស់ប្រាសាទទាំង ៣ ខាងលើនេះដូចតទៅ៖

1-ប្រាសាទបន្ទាយឆ្មារ

ប្រាសាទបន្ទាយឆ្មារ កសាងឡើងក្នុងរាជព្រះបាទជ័យវរ័ន្មទី៧ ចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ដោយធ្វើដំណើរលើចម្ងាយផ្លូវ ២២ គីឡូម៉ែត្រ ពីទីរួមស្រុកថ្មពួក ឬចម្ងាយ ៦៥ គីឡូម៉ែត្រ ពីក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ តាមផ្លូវលេខ៥។
ក្បាច់ចម្លាក់ និងរចនា សម្ព័ន្ធរបស់ប្រាសាទស្ទើរតែទាំងអស់ បានដួលរលំ និងរងការខូចខាតដោយគ្រោះធម្មជាតិ មានខ្យល់ព្យុះបក់បោកដួលដើមឈើរលំលើប្រាសាទជាដើម និងដោយកត្តា ផ្សេង។ ចម្លាក់នៅតាមរោងទងទី៣ បានដួលរលំអស់ប្រហែល ៧០ភាគរយ នៅសល់តែក្បាច់ចម្លាក់តែមួយចំនួននៅតាមជ្រុង ហើយកំកំពុងប្រឈមនឹងហានិភ័យដែលអាចដួលរលំនៅថ្ងៃអនាគត។
ក្នុងនោះដែរ រោងទងខាងលិច ផ្នែកខាងត្បូង ដែលមានចម្លាក់រូបលោកេស្វរៈដៃ២២ និងដៃ៣២ មានហានិភ័យខ្ពស់ដែលអាចដួលរលំទាំងស្រុង គឺដោយសារមានដើមស្តង់មួយ ដើមយ៉ាងធំបានដុះនៅផ្នែកខាងលិចក្បែរជញ្ជាំង ហើយឫសរបស់ វាបានដុះចាក់ញែកតាមចន្លោះថ្មរបស់ស៊ុមទ្វារ និងនៅផ្នែកខាង ក្រោមថ្ម ធ្វើឲ្យថ្មជញ្ជាំងក្រៀកហែកញែកចេញពីគ្នា។
ដោយសង្កេតឃើញថា ហានិភ័យនៅចំណុចនេះមានកម្រិតកាន់តែខ្លាំង ទើប នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណបានធ្វើការកាប់ដើមស្ដង់១ដើម និងដើមស្លែង ១ដើមផ្នែកខាងលិច និងដើមចំបក់ ចង្រៀក១ដើមនៅផ្នែកខាងត្បូង ហើយបានរើជញ្ជាំងដែលមានរូប ព្រះលោកេស្វរៈដៃ២២និងដៃ៣២ រួចរៀបតាមលំនាំដើមឡើង វិញតាមបច្ចេកទេសអាណាស្ទីឡូ។
បច្ចុប្បន្ននេះប្រាសាទបន្ទាយឆ្មារ ត្រូវបានជួសជុលឡើងវិញនៅតាមផ្នែកមួយចំនួន ក្នុងប្រាសាទបានជាង២០ភាគរយហើយ ដោយប្រើប្រាស់ថវិកានៃមូលនិធិបេតិកភណ្ឌពិភពលោក តាមរយៈអង្គការ UNESCO ប្រចាំកម្ពុជាថវិការាជរដ្ឋាភិបាលកម្ពុជា និងថវិកាផ្ទាល់របស់ លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។
2-ប្រាសាទភ្នំជីសូរ
ប្រាសាទភ្នំជីសូរ មានទីតាំងស្ថិតនៅក្នុងភូមិស្លា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលមានទីតាំងនៅលើកំពូលភ្នំជីសូរតែម្ដង ។ ប្រាសាទនេះត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០១០-១០៤៩) នៅដើមសតវត្សរ៍ទី១១ នៃគ.ស រហូតដល់រជ្ជកាលព្រះបាទធរិណន្ទ្រវរ្ម័នទី ១ រួចមកគឺ ព្រះបាទសុរ្យវរ្ម័នទី ២ ទើបកសាងរួចរាល់។
ការរចនា គឺបានរំលេចឡើងនូវវិមានថ្ម ដ៏ល្អស្កឹមស្កៃនៅលើកំពូលភ្នំជីសូរ ដែលសរបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់របស់ព្រះមហាក្សត្រខ្មែរទៅលើវិស័យសិល្បៈ ទំលៀមទម្លាប់ ប្រពៃណី ស្ថាបត្យកម្មដ៏អស្ចារ្យ ព្រមទាំងជំនឿសាសនាផងដែរ ដែលមានគោលបំណងចង់ឲ្យកូនចៅជំនាន់ក្រោយ បានទទួលនូវកេរមរតកមួយនេះ និងនឹកនាទៅដល់ស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ទ្រង់ ។

ប្រាសាទនេះពុំមានភាពស្ដុកស្ដម្ភ ដូចជាប្រាសាទអង្គរ ឬ ប្រាសាទនៅតំបន់អង្គរឡើយ ។ កំពែងប្រាសាទ ធ្វើអំពីថ្មភក់ ឬ ថ្មបាយក្រៀម តម្រៀបគ្នាជាពីរតម្រួតក្នុងក្រៅ ហើយឃ្លាតពីគ្នាប្រមាណជា ២ ម៉ែត្រ ។ ឯខាងលើ មានតម្រៀបថ្ម ធ្វើជាដំបូលប្រក់ពីលើ ដែលអាចឲ្យមនុស្សជ្រកបាន ។ ប្រាសាទនេះ មានទ្វារធំៗ ទាំងបួនទិស ដែលនៅលើថ្មគឺបានឆ្លាក់ជាក្បាច់ត្របកឈូក បន្តុបគ្នាធ្វើជារាងកំពូលប្រាង្គ ដោយមានក្បាច់រចនាយ៉ាងស្រស់ស្អាត ។ រូបចម្លាក់សំខាន់ជាងគេ នៃខ្លោងទ្វារ គឺមានរូបព្រះឥសូរ គង់លើអាសនៈ ព្រមទាំងស្រីស្នំ និងពពួកសត្វលោក ដែលបានឱនក្បាលគោរព ក្នុងក្បួនដង្ហែរបស់ព្រះអង្គ ។
គេសង្កេតឃើញមាន សិលាចារឹក ដែលមានឆ្លាក់នូវព្រះនាមរបស់ព្រះមហាក្សត្រខ្មែរ ៣ ព្រះអង្គ គឺព្រះបាទសូរ្យវរ្ម័នទី ១ (គ. ស.១០០២-១០៤៩) ព្រះបាទធរិណន្ទ្រវរ្ម័នទី ១(គ. ស. ១១០៧-១១១៣) ព្រះបាទសុរ្យវរ្ម័នទី ២ (គ. ស. ១១១៣- ១១៤៥) ។
3-ប្រាសាទភ្នំដា
ប្រាសាទភ្នំដា មានទីតាំងស្ថិតនៅលើកំពូលតូចមួយឈ្មោះភ្នំដា ក្នុងភូមិព្រែកតាផូ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ហើយស្ថិតនៅភាគខាងត្បូងនៃប្រទេស និងមាន ចម្ងាយប្រមាណជា ១០០ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ ភ្នំដា នេះជាមជ្ឈមណ្ឌលព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាដ៏សំខាន់មួយរបស់ហ្វូណន។ ប្រាសាទភ្នំដា ស្ថាបនាបែរមុខទៅទិសខាងជើង ប្លង់រាងបួនជ្រុង មានខឿន និងជញ្ជាំង សាងអំពីថ្មបាយក្រៀម និងផ្នែកដំបូលខាងលើសាងអំពីឥដ្ឋ។
ដោយឡែកគ្រឿងលម្អ ស្ថាបត្យកម្ម មេទ្វារ សសរពេជ្រ ផ្តែរ និងហោជាងរបស់ច្រកទ្វារធំសាងអំពីថ្មភក់។ តាមលក្ខណៈស្ថាបត្យកម្ម និងគ្រឿងលម្អ គេអាចកំណត់បានថាប្រាសាទនេះសាងឡើង នៅក្នុងរវាងសតវត្សទី១១ នៃគ្រិស្តសករាជ ដោយមានគ្រឹះប្រាសាទ ដើមដែលបាន ស្តាប់នា ក្នុងសម័យហ្វូណន (នគរភ្នំ) រវាងចុងសតវត្សទី៦និងដើមសតវត្សទី៧ ន គ្រិស្តសករាជ។ ប្រាសាទនេះគឺស្ថិតក្នុងចំណោមប្រាសាទទោលដែលមានទំហំជាងគ ក្នុងស្ថាបត្យកម្មខ្មែរ។

ដោយសារកត្តាអាយុកាល និងធម្មជាតិ បានធ្វើឲ្យប្រាសាទនេះមានហានិភ័យខ្ពស់ ជាពិសេសផ្នែកដំបូលឥដ្ឋខាងលើ ដែលបាយអបានថយគុណភាព និងទឹកភ្លៀង ហូរចូលតាមចន្លោះឥដ្ឋនីមួយៗ បាននាំយកបាយអចេញម្តងបន្តិចៗធ្វើ ឲ្យតំណរឥដ្ឋ ប្រហោងធំ និងរលុះធ្លាក់ចុះ។ ដោយពិនិត្យឃើញការរលុះឥដ្ឋធ្លាក់ជាបន្តបន្ទាប់ ក្រុមការងារបច្ចេកទេសនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ បានសិក្សាលើក គម្រោងអភិរក្ស និងជួសជុលចំណុចឥដ្ឋដំបូល ខាងលើដែលប្រឈមនឹងហានិភ័យ ឲ្យមានភាពរឹងមាំឡើងវិញ។
ការងារអភិរក្ស និងជួសជុលផ្នែកដំបូលឥដ្ឋខាងលើ ដែលធ្វើឡើងតាមបច្ចេកទេសនៃកិច្ចអភិរក្ស និងជួសជុលប្រាសាទឥដ្ឋដែលធ្លាប់បាន ធ្វើការកន្លងមករួមមាន៖ សម្រង់ប្លង់ស្ថាបត្យកម្ម ពង្រឹង ទីតាំងទល់ទ្រ០២កន្លែង សម្អាតកូនឈើដែលបង្កហានិភ័យ រើនិងពង្រឹងចំណុចឥដ្ឋ ដែលប្រឈមនឹងការរលុះ ធ្លាក់ ជួសជុលចំណុចហានិភ័យទាំង៤ទិស ដោយបំពេញជំនួសឥដ្ឋថ្មីដែល មាន គុណភាពមានទំហំ ពណ៌ដូចឥដ្ឋចាស់ ថ្មីនៅទីតាំងដែលបាត់ឥដ្ឋតាមស្លាកស្នាម ដែលបានបន្សល់ទុក និងយកបាយអចាស់ដែលអស់គុណភាពចេញ រួចបំពេញ បាយអថ្មីវិញ។
គួររំលឹកដែរថា កន្លងមកមានប្រាសាទ របាំ និងឧបករណ៍ខ្មែរមួយចំនួនហើយ ដែលត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ដែលក្នុងនោះរួមមាន៖ ឧទ្យានបុរាណវិទ្យាអង្គរ, ប្រាសាទព្រះវិហារ, តំបន់ ប្រាសាទសម្បូរព្រៃគុហ៍, រមណីយដ្ឋានប្រាសាទកោះកេរ, របាំព្រះរាជទ្រព្យ, ល្ខោនស្រមោលស្បែកធំ, ល្បែងទាញព្រ័ត្រ, ចាប៉ីដងវែង, ល្ខោនខោលវត្តស្វាយអណ្តែត និងគុនល្បុក្កតោ ជាដើម៕

