អគ្គនាយកដ្ឋានពន្ធនាគារនិងអង្គការការីតាសកម្ពុជារៀបចំសិក្ខាសាលាស្តីពី “សុខភាពក្នុងពន្ធនាគារ ដោយ ផ្តោត លើសុខភាពផ្លូវចិត្ត និងបរិយាបន្នសង្គម”ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព និងសុខភាពជនជាប់ឃុំ ដើម្បីឱ្យពួកគេទាំងនោះមានលទ្ធភាពទទួលបាននូវសេវាសុខភាព និងការអប់រំផ្លូវចិត្តមានលក្ខណៈប្រសើរ។

សិក្ខាសាលានេះប្រព្រឹត្តទៅនៅថ្ងៃទី៣១ខែមករាឆ្នាំ២០២៤ក្រោមការប្រកាសបើកនិងបិទដោយឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានប្រកាសបើកកម្មវិធីសិក្ខាសាលា ស្តីពី “សុខភាពក្នុងពន្ធនាគារ ដោយផ្តោតលើសុខភាពផ្លូវចិត្ត និងបរិយាបន្នសង្គម” ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំប៉ូឌីយ៉ាណា ដោយមានការអញ្ជើញចូលរួមពីលោក គីកេហ្វីហ្គារីដូ ប្រធានក្រុមប្រឹក្សាភិបាលអង្គការការីតាសកម្ពុជា និងឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន សិក្ខាកាមជាប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធសរុប ៥៧រូប។

ថ្លែងនៅក្នុងកម្មវិធីសិក្ខាសាលានោះ ឯកឧត្តម ឈន សាណាត បានថ្លែងអំណរគុណ ចំពោះ លោក គីកេហ្វីហ្គារីដូ ប្រធានក្រុមប្រឹក្សាភិបាលអង្គការការីតាសកម្ពុជា និងសហការីទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងបេសកកម្មភាពជាដៃគូដ៏ល្អគាំទ្រលើកស្ទួយដល់វិស័យពន្ធនាគារកម្ពុជា ជាពិសេសការលើកកម្ពស់សុខមាលភាព និងសុខភាពជនជាប់ឃុំ ដើម្បីឱ្យពួកគេទាំងនោះមានលទ្ធភាពទទួលបាននូវសេវាសុខភាព និងការអប់រំផ្លូវចិត្តមានលក្ខណៈប្រសើរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានផ្តល់នូវអនុសាសន៍មួយចំនួនដល់ភាគីពាក់ព័ន្ធរួមមាន៖

– នាយកដ្ឋានជំនាញរបស់អគ្គនាយកដ្ឋានពន្ធនាគារ និង អង្គភាពពន្ធនាគារ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូ អភិវឌ្ឍនៅគ្រប់លំដាប់ថ្នាក់ឲ្យបានល្អ ដើម្បីគៀងគរប្រភពធនធាន គាំទ្រក្នុងការអនុវត្តកម្មវិធីរបស់ពន្ធនាគារ ជាពិសេស ការគាំទ្រពង្រឹង និងលើកកម្ពស់សេវាសុខភាពពន្ធនាគារឲ្យកាន់តែប្រសើរឡើងថែមទៀត

– ត្រូវយកចិត្តទុកដាក់ការងារអប់រំសុខភាពផ្លូវចិត្ត តាមរយៈការអប់រំទស្សនវិទ្យាចិត្តសាស្ត្រ ឬការអប់រំបែបជំនឿសាសនា ឬ ចលនាបន្ថយភាពតានតឹង

– ត្រូវប្រកាន់ភ្ជាប់ភាពជាអ្នកដឹកនាំ ពង្រឹងលើកកម្ពស់ សមត្ថភាពវិជ្ជាជីវៈ ឆ្លើយតបដោយប្រសិទ្ធភាពទៅនឹងបរិបទការងារ នៃគោលនយោបាយរដ្ឋាភិបាលឌីជីថល

– សូមយកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានពីសិក្ខាសាលានៅពេលនេះ ដើម្បីយកទៅអនុវត្តឲ្យចេញជាសកម្មភាពការងារជាក់ស្តែងប្រចាំថ្ងៃ

– ចែករំលែកបទពិសោធន៍ ឬធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីលទ្ធផល នៃសិក្ខាសាលានេះដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ដើម្បីជាមូលដ្ឋានចំណេះដឹង និងការអនុវត្ត។

ដោយ ៖ ការិយាល័យព័ត៌មាន និងផ្សព្វផ្សាយ

Share.