ភ្នំពេញ ៖ បុរសម្នាក់ជាកម្មកររោងចក្រ ជិះម៉ូតូហុងដាឌ្រីម លឿនហ្វ្រាំងមិនទាន់ជ្រុលទៅបុកជាមួយម៉ូតូហុងដាឌ្រីម មួយគ្រឿងទៀត ជិះដោយសិស្សសាលា ប្រុសស្រី ២នាក់បងប្អូនកំពុងឆ្លងផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ទាំង៣នាក់ កាលពីវេលាម៉ោង៦និង២៥នាទីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវចោមចៅ ចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ភាគីខាងម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1U-8881 បើកដោយឈ្មោះ កង គឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅភូមិក្រាំងចោទ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រងរបួសបែកមាត់ បាក់ធ្នេញ ។

ចំណែកភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IZ-8740 ជិះគ្នា២នាក់បងប្អូន បើកដោយឈ្មោះ រី បាន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ថ្នាក់ទី១០ វិទ្យាល័យជម្ពូវ័ន មានទីលំនៅ ក្នុងភូមិកើតហេតុ របួសបាក់ជើងឆ្វេង រួមដំណើរជាមួយ ប្អូនស្រីម្នាក់ទៀត ឈ្មោះ រី សុភ័ក្ត្រ អាយុ១៤ឆ្នាំ សិស្ស ថ្នាក់ទី៩ វិទ្យាល័យជម្ពូវ័ន របួសក្បាល និងជើងឆ្វេង ។

តាមប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ២នាក់បងប្អូនជិះម៉ូតូឌុបគ្នាទៅសាលារៀន ខណៈដែលកំពុងឆ្លងផ្លូវពីត្បូងទៅជើង ស្រាប់តែភាគីម៉ូតូម្ខាងទៀត ជិះលឿនប្រញាប់ទៅធ្វើការរោងចក្រ ពីលុចទៅកើត ហ្វ្រាំងមិនទាន់ ជ្រុលបុក បណ្តាលឱ្យរងរបួសធ្ងន់ទាំង៣នាក់ ម៉ូតូខូចខាតទាំង២គ្រឿង ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញទៅអន្តរាគមន៍ ជនរងគ្រោះ២នាក់បងប្អូនត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិ ចំណែកជនរងគ្រោះម្នាក់ទៀត ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ដោយឡែកម៉ូតូទាំង២គ្រឿង សមត្ថកិច្ចវាស់វែងយកទៅរក្សាទុកជាបណ្តោអអាសន្ននៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយទៀត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.