ភ្នំពេញ ៖ ម្តាយមីង និងពូ បង្កាត់ភ្លើងអាំងសាច់ ក្បែរក្មួយប្រុសកំពុងបញ្ចូលហ្គាស ស្រាប់តែឆាបឆេះរលាក របួស៣នាក់ ត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូកង់បីយកទៅមន្ទីរពេទ្យភ្លាមៗកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

អ្នកលក់សាច់គោអាំង មានឈ្មោះ ឆេង ធូ ភេទស្រី អាយុ៤៥ឆ្នាំ (ត្រូវជាម្តាយមីង របស់អ្នកបញ្ចូលហ្គាស ) មានប្តីឈ្មោះ ម៉ាប់ អាយុ៤៦ឆ្នាំ ទើបមកស្នាក់នៅ និងប្រកបរបររកសុី បាន២ថ្ងៃ មានស្រុកកំណើតនៅភូមិម្រុំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកក្មួយប្រុស មានឈ្មោះ វ៉ាន់ យ៉ាង អាយុ៣៥ឆ្នាំ មុខរបរលក់ បញ្ចូលហ្គាស ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើតភូមិ ឃុំ ជាមួយគ្នា ។

តាមប្រភពពីក្រុមគ្រួសារបានឱ្យដឹងថា ក្មួយប្រុសដែលប្រកបរបរលក់ បញ្ចូលហ្គាស បានហៅម្តាយមីង មកពីស្រុក ឱ្យប្រកបរបរ លក់សាច់គោអាំង ជាប់នឹងកន្លែងបញ្ចូលហ្គាស ទើបបាន២ថ្ងៃ ស្រាប់តែនៅរសៀលថ្ងៃនេះ មុនកើតហេតុ ខណៈដែលក្មួយប្រុសកំពុងអង្គុុយបញ្ចូលហ្គាស ម្តាយមីងនិងពូ បង្កាត់ភ្លើងអាំងសាច់គោ គម្លាតពីគ្នាប្រហែល១ម៉ែត្រ ស្រាប់តែឆាបឆេះ ខោអាវ រលាក របួស២នាក់ប្តីប្រពន្ធ និងក្មេងស្រីម្នាក់អាយុ៣ឆ្នាំ ជាកូនអ្នកបញ្ចូលហ្គាស សរុបរបួសរលាក៣នាក់ ។ ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះ៣នាក់ ត្រូវបានក្រុមគ្រួសារ ដឹកតាមម៉ូតូកង់បីយកទៅមន្ទីរពេទ្យរុស្សុី ។

បើតាមប្រជាពលរដ្ឋបានលើកឡើងថា ដូចជាប្រហែសពេកហើយ ធុងហ្គាសធំៗជាច្រើនធុង ដាក់តម្រៀបគ្នា តាមចិញ្ចើមផ្លូវ លក់ បញ្ចូលហ្គាស ប្រឈមគ្រោះថ្នាក់ណាស់ សូមឱ្យអាជ្ញាធរ សមត្ថកិច្ច មេត្តាជួយពិនិត្យឡើងវិញ មុនអនុញ្ញាតិឱ្យប្រកបរបរមួយនេះ

៕
អត្ថបទ៖ តាតុងសែនជ័យ

