SHAH ALAM, Selangor៖ ក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី បានស្លាប់ បន្ទាប់ពីត្រូវបានគេរកឃើញថា សន្លប់នៅក្នុងរថយន្ដរបស់ម្តាយនាងដែលចតនៅជិតទ្វារក្រោយរបស់មន្ទីរពេទ្យ Shah Alam កាលពីថ្ងៃអង្គារ (30 មករា)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។

អធិការប៉ូលិសតំបន់ Shah Alam លោក Mohd Iqbal Ibrahim បាននិយាយថា «ប៉ូលីសបានទទួលដំណឹងអំពីឧបទ្ទវហេតុនេះ ពីគ្រូពេទ្យនៅមន្ទីរពេទ្យម៉ោងប្រហែល ៨ យប់ថ្ងៃដដែល»។

អាជ្ញាធរបានស្រាវជ្រាវឃើញថា ម្តាយរបស់ក្មេងនោះធ្វើការនៅមន្ទីរពេទ្យ ហើយបានភ្លេចក្មេងស្រីនៅក្នុងរថយន្តដោយអចេតនាទេ។ លោក Mohd Iqbal បាននិយាយថា «ក្មេងស្រីនោះ បានគេងលក់នៅក្នុងរថយន្តទាំងដែរម៉ាស៊ីនរថយន្ដនោះមិនដំណើរការទេ»។

ក្រោយឃើញស្ថានភាពមិនស្រួល គេបានបញ្ជូនជនរងគ្រោះចូលទៅបន្ទប់សង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យ Shah Alam ក្នុងស្ថានភាពសន្លប់ស្ដូកស្ដឹង ប៉ុន្ដែក្រោយមកត្រូវបានគេប្រកាសថា បានស្លាប់ បន្ទាប់ពីក្រុមគ្រូពេទ្យបានព្យាយាមការខិតខំជួយសង្រ្គោះ មិនជោគជ័យ។

យ៉ាងណាម៉ិញ ក្រោយពីធ្វើកោសល្យវិច័យលើក្មេងនោះ បានបញ្ជាក់ថា មិនមានរបួសលើរាងកាយខាងក្រៅ ឬរបួសខាងក្នុងអ្វីនោះទេ៕

