ភ្នំពេញ ៖ សង្ស័យទុស្សេខ្សែភ្លើង បង្កជាអគ្គិភ័យឆាបឆេះផ្ទះលក់ដូរគ្រឿងជ័រ បង្កឱ្យភ្ញាក់ផ្អើល កម្លាំងអាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបញ្ជូនទៅ តាមអង្គភាពផ្សេងៗ ដើម្បីជួយអន្តរាគមន៍។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ផ្ទះរងគ្រោះមានចំនួន៤ល្វែង មានម្ចាស់ឈ្មោះ ឡាយ រស្មី ភេទស្រី អាយុ២៨ឆ្នាំ ៣ល្វែងបើកលក់ដូរគ្រឿងជ័រ ១ល្វែងបើកលក់កុំព្យូទ័រ ក្នុង១ល្វែងទំហំ៤ម៉ែត្រx៣៥ម៉ែត្រ សង់ពីថ្មមួយកំណាត់ ឈើប្រក់ស័ង្កសីមួយកំណាត់ រងខូចខាតទាំងស្រុង អស់ទាំងទ្រព្យសម្បត្តិ គ្រឿងជ័រ គ្មានសល់ ។

ចំណែកផ្ទះលក់ទុយោ ជាប់នោះ និងផ្ទះជួល នៅផ្នែកខាងក្រោយ មានម្ចាស់ឈ្មោះ តាំង ស្រីមុំ ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាម្តាយមីង ក្រុមការងារ ពន្លត់អគ្គិភ័យ ការពារបាន , ផ្ទះលក់ម៉ូតូ និងផ្ទះជួលនៅខាងក្រោយ មានម្ចាស់ឈ្មោះ ឡាយ គង្គា ភេទស្រី អាយុ៤០ឆ្នាំ បាញ់ទឹកការពារបាន ។ ពោលភ្លើងឆេះតែ៤ល្វែង របស់ឈ្មោះ ឡាយ រស្មី ខូចខាតទាំងស្រុង អស់ទាំងទ្រព្យសម្បត្តិ អុីវ៉ាន់ស្តុកក្នុងផ្ទះ ក្នុងឃ្លាំង តែមិនបង្កឱ្យអ្នកណារងរបួសឡើយ ។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើ សង្ស័យផ្តើមចេញទីទុស្សេខ្សែភ្លើង ព្រោះភ្លើងផ្តើមឆេះគ្រឿងជ័យចេញពីកណ្តាលផ្ទះ ហើយរាលតែម្តង ។

ក្នុងប្រតិបត្តិការខាងលើ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកពីអង្គភាព៧១១ កងពលតូចលេខ៧០ រថយន្តអាវុធហត្ថក្រុងភ្នំពេញ រថយន្តរបស់អង្គភាពឆ័ត្រយោង៩១១ រថយន្តក្រសួងមហាផ្ទៃ រថយន្តស្នងការក្រុងភ្នំពេញ រថយន្តស្រាបៀរកម្ពុជា រថយន្តបុរីសង្ឃឹមថ្មី រួមសហការណ៍បាញ់ពន្លត់ភ្លើង រហូតដល់វេលាម៉ោង៦និង៣៥នាទីល្ងាចថ្ងៃដដែលទើបភ្លើងរលត់ទៅវិញ ៕

អត្ថបទ៖ តាតុងសែនជ័យ

