(ភ្នំពេញ)៖ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤នៅព្រឹកថ្ងៃទី ៥ខែកុម្ភៈ នេះឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជននីតិសម្បទា បានបង្ហាញនូវសមិទ្ធផលជាច្រើនដែលក្រសួងសម្រេចបាននាពេលកន្លងមក។

ក្រៅពីការរៀបចំកែសម្រួលនូវរចនាសម្ព័ន្ធមួយចំនួនរបស់ក្រសួងឯករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងបានបើកសម្ពោធឲ្យប្រើប្រាស់នូវទីតាំងមួយចំនួនរួមមាន៖

១- មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

២- មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី

៣- មណ្ឌលយុវនីតិសម្បទា

៤- មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀនដោយស្ម័គ្រចិត្ត និង ផ្អែកលើសហគមន៍ “កែវ ផុស” ខេត្តព្រះសីហនុ

៥- មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន “កណ្តាលស្ទឹង” ខេត្តកណ្តាល

៦- មណ្ឌលថែទាំមនុស្សចាស់ បានកសាងនឹងគ្រោងដាក់ឲ្យដំណើរការក្នុងពេលដ៏ឆាប់ខាងមុខ ដែលមជ្ឈមណ្ឌលនេះនឹងក្លាយទៅជាថ្នាលសម្រាប់បណ្តុះបណ្តាលធនធានមនុស្សបម្រើឱ្យកិច្ចការថែទាំមនុស្សចាស់របស់យើង

៧- បាននិងកំពុងកសាងមជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ដែលស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគួសបញ្ជាក់នូវបញ្ហាមួយចំនួនដែលដែលទាមទារឱ្យ យើងរួមគ្នាបន្តខិតខំរិះរកដំណោះស្រាយដូចជា ការប្រែប្រួលអាកាសធាតុ ការផ្ទុះចេញជាជំងឺឆ្លង ប្លែកៗ បញ្ហា ចំណាកស្រុក បញ្ហាជនអនាថា ការជួញដូរមនុស្ស ជួញដូរពលកម្ម ការកេងប្រវ័ញ្ចផ្លូវភេទ ការប្រើប្រាស់គ្រឿងញៀន និងបម្រែបម្រួលផ្នែកប្រជាសាស្ត្រជាដើម៕

Share.