ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមយ៉ាងអាណោចអធ័ម បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកុងតឺន័របើកកៀរកិនម៉ូតូMSXស្របទិសគ្នាកាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ឆែម ឈុនលឹម ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវជិះម៉ូតូមួយគ្រឿងម៉ាកMSX ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ 1GS-6641ជាមធ្យោបាយ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ធ្វើដំណើរពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក កុងតឺន័រ ម៉ាកDAEWOO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3G-0773 អូសសណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-8636 បើកពីកើតទៅលិច វ៉ាជែងជ្រុលកៀរម៉ូតូជនរងគ្រោះ ដួលហើយកិនពីលើ ជាប់អូសជាង១០ម៉ែត្រ រថយន្តបន្តបើកទៅម៧ខ ចម្ងាយជាង៣០០ម៉ែត្រ ទើបឈប់ អ្នកបើកបរចុះរត់គេចខ្លួនបាត់ស្រមោល។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងភ្លាមៗ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ ប្រគល់ឱ្យផ្នែកជំនាញខណ្ឌ ពិនិត្យស្រាវជ្រាវ និងទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីទទួលសពដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែង រួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោក ស្នងការរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

Share.