ត្បូងឃ្មុំ៖ បន្ទាប់ពីចាត់វិធានការក្តៅ និងបានដាក់បទបញ្ជារយ៉ាងមុឺងម៉ាត់ ដើម្បីទប់ស្កាត់ការឈូសឆាយ ទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ នឹងបានចុះពិនិត្យការឈូសឆាយទន្រ្ទានដីព្រៃលិចទឹករួចមក អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ក៏ដូចជានាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ទៅឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្ម ការពារតាមគោលដៅទាំង៤ទីតាំង នៅឃុំចំនួន៩ ក្នុងចំណោម ១២ ឃុំ នៃស្រុកក្រូចឆ្មារ ដើម្បីត្រួតពិនិត្យសកម្មភាពលបលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹកដោយខុសច្បាប់បន្ត ពីសំណាក់ជនខិលខូចមួយចំនួន។ 

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បាននាំមកនូវបណ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា  និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលកំពុងឈរជើងការពារនៅតាមគោលដៅទាំងអស់ ទោះបីជាទីតាំងទាំងនេះ មានភាពស្មុគស្មាញ មិនមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ មិនទាន់មានអគ្គិសនីប្រើ និងមិនបានសម្រាកនៅជួបជុំក្រុមគ្រួសារក្តី ក៏នៅតែខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមគ្នាទប់ស្កាត់ការពារតំបន់ទាំងនេះ ឱ្យនៅគង់យូរអង្វែង ។ 

ឯកឧត្តមបានបន្តថា ពាក់ព័ន្ធនឹងដីអភិរក្សនៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបនេះ រាជរដ្ឋាភិបាល ធ្លាប់បានចាត់កាត់ឆ្វៀលជូនប្រជាពលរដ្ឋរួចរាល់ហើយ សម្រាប់កន្លែងដែលអាស្រ័យផលជាក់ស្តែង។ រាជរដ្ឋាភិបាល ក៏បាន ហាមផ្តាច់មិនឱ្យមានការឈូសឆាយទន្ទ្រានដីព្រៃលិចទឹកនៅក្នុងតំបន់ទាំងនោះបន្តទៀតឡើយ។ ដីព្រៃលិចទឹក គឺជាជម្រកសម្រាប់ត្រីពងកូន ដ៏មានសារៈសំខាន់នៅក្នុងរដូវវស្សា។ បើដីព្រៃលិចទឹកនេះ ត្រូវបាត់បង់វាក៏នឹងប៉ះពាល់ដល់ជីវៈចម្រុះក្នុងបឹងទន្លេសាបផងដែរ។ 

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានជំរុញដល់កម្លាំងចម្រុះទាំងអស់ ចុះល្បាតជាប្រចាំ នៅតាមគោលដៅនីមួយៗ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការលបលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹកដែលជាសម្បត្តិរបស់រដ្ឋនេះ២៤ម៉/២៤ម៉ តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ហើយបើមានការប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវតែចាប់ខ្លួនភ្លាមៗ ដោយបន្តស្រាវជ្រាវវែកមុខរកជនពាក់ព័ន្ធ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។  ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែជួយការពារទប់ស្កាត់ការទន្ទ្រានទៅលើដីនៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ សូមខិតខំជួយការពារ និងអភិរក្សធនធានធម្មជាតិ និងជីវសាស្ត្រចម្រុះនានានៅតំបន់ព្រៃលិចទឹក ឱ្យបានគង់វង្ស ទុកសម្រាប់បម្រើជាឧត្តមប្រយោជន៍សាធារណៈ ។ 

សូមបញ្ជាក់ថា នៅក្នុងឱកាសសួរសុខទុក្ខទាំង៤ទីតាំង រួមមានតំបន់ក្របីក្រៀគ តំបន់ចម្ការ តំបន់ពស់អំបែង និងតំបន់ក្រពើខាំតា (ខ្នងព្រែក) ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានឧបត្ថម្ភស្បៀងអាហារ ក្នុង១ទីតាំងមានដូចជា៖ អង្ករ ១០០គីឡូ ទឹកត្រី ២យួរ ទឹកស៉ីអ៉ីវ២យួរ មី៧កេស ត្រីខ៥ យួរ ធុងទឹក១ តង់១ និងថវិកាមួយចំនួនផងដែរ ដល់កងកម្លាំងចម្រុះទាំង ៤ ទីតាំង នៅក្នុងភូមិសាស្រ្តស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕​

អត្ថបទ៖ សាន វីឡែម

Share.