ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួន ជនជាប់ចោទ មន្រ្តីនគរបាលខេត្ដស្ទឹងត្រែងម្នាក់ និងបក្ខពួក បណ្តោះអាសន្ន ករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនជាង៧គីឡូក្រាម។

ជនជាប់ចោទទី១.ឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៉ីថា អាយុ៤៩ឆ្នាំ មុខរបរនគរបាល ស្នាក់ភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ទី២.ឈ្មោះ ផា វុត្ថា អាយុ៤០ឆ្នាំ ស្នាក់នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង ដាក់ពន្ធនាគារបណ្តោះអាសន្ន។

ចំណែកបក្សពួក២នាក់ទៀតកំពុងគេចខ្លួនទី១.ឈ្មោះ ខែក ចាន់រិទ្ធី ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ និងទី២.ឈ្មោះ ស្រី សុធី ភេទប្រុសអាយុ៥៤ ឆ្នាំជនជាតិខ្មែរ ជាប់ចោទពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុ ជាង៧គីឡូក្រាម ប្រព្រឹត្តនៅផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃ២៨ ខែមករាឆ្នាំ២០២៤ និងជនត្រូវចោទម្នាក់ទៀត (គេចខ្លួន) ឈ្មោះ អ៉ី ឡា ភេទស្រីអាយុប្រហែល៣៥ឆ្នាំ ជាតិឡាវ សញ្ជាតិឡាវ ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចអន្លង់ឈើទាល ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយ ខេត្តស្ទឹងត្រែង ឆ្ពោះទៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករាឆ្នាំ២០២៤។

សូមរំលឹកថាកាលពីវេលាម៉ោង០១ៈ៤០នាទី រំលងអធ្រាត្រឈានចូលទៅថ្ងៃទី២៨ ខែមករាឆ្នាំ២០២៤កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច  អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានបើកយុទ្ធនាការដាក់គោលដៅ រឹងបន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ-គ្រឿងស្រវឹង នៅមុខមន្ទីរពេទ្យជោវៃ ភូមិជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមួយនឹងថ្នាំញៀនជាង៧គីឡូក្រាម។

សមត្ថកិច្ចដកហូតវត្ថុតាង៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ៥កញ្ចប់ធំ (៥គីឡូក្រាម) និងម្សៅកញ្ចប់ពណ៌កាហ្វេមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស ៣៣០ ពណ៍ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687៕

អត្ថបទ៖ ចតុមុខ

Share.