ក្រោយពីរង់ចាំមន្ត្រីចុះទៅធ្វើប្លង់កម្មសិទ្ធិអស់មួយរយៈមក ប៉ុន្តែនៅតែមិនឃើញនោះ នៅព្រឹកថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២៤នេះ តំណាងប្រជាពលរដ្ឋ៥៥គ្រួសារបានសម្រេចចិត្តនាំគ្នាឡើងមកតវ៉ានៅមុខសាលាខេត្តដើម្បីស្នើសុំឲ្យមន្ត្រីសុរិយោដីខេត្តចេញប្លង់ប័ណ្ណកម្មសិទ្ធិដល់ពួកគាត់។

ដីដែលពលរដ្ឋសុំឲ្យមន្ទីរសុរិយោដីខេត្តកណ្តាលចេញប័ណ្ណកម្មសិទ្ធិឲ្យនោះមានទីតាំងនៅភូមិជ័យឧត្តមនិងជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀន ខេត្តកណ្តាល។

ការឡើងមកតវ៉ារបស់ក្រុមប្រជាពលរដ្ឋនេះធ្វើឡើងបន្ទាប់ពីពួកគេបានដាក់លិខិតមួយច្បាប់សុំកិច្ចអន្តរាគមន៍ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីឆ្នាំកន្លងទៅ។ ក្រោយមកឯកឧត្តម អភិសន្តិបណ្ឌិតក៏បានសរសេរលិខិតមួយច្បាប់ទៅកាន់អភិបាលខេត្តកណ្តាលគឺឯកឧត្តម គង់ សោភ័ណ្ឌដើម្បីឲ្យ ឯកឧត្តមអភិបាលខេត្តចាត់មន្ត្រីចុះពិនិត្យស្រាវជ្រាវនិងដោះស្រាយដីទំនាបឆ្តោ នៅភូមិជ័យឧត្តមនិងជ័យឧត្តម២ ឃុំសំរោង ស្រុកកៀនស្វាយតាមសំណូមពររបស់ពលរដ្ឋទាំង៥៥គ្រួសារនោះ។

យោងតាមប្រភពពីពលរដ្ឋបានឲ្យដឹងថា ពួកគេបានកាន់កាប់ក៏ដូចជាប្រើប្រាស់ដីនៅតំបន់នោះតាមការរៀបចំដោយ អាជ្ញាធរមូលដ្ឋានតាមយន្តការក្រុមសាមគ្គីបង្កបង្កើនផល ហើយនៅពេលនោះមានមេភូមិជាអ្នកដឹកនាំលើកទំនប់ដើម្បី ទប់ទឹកធ្វើស្រែ ដាំឈូក ដាំតាសក់ ពោតសណ្តែកនិងចិញ្ចឹមត្រីជាដើមជាបន្តបន្ទាប់ ហើយមានអាជ្ញាធរភូមិ ឃុំដឹងឮ ជាបន្តបន្ទាប់។

ប្រជាពលរដ្ឋអះអាងថា កន្លងទៅនេះមានក្រុមមន្ត្រីសុរិយោដីខេត្តកណ្តាលបានចុះទៅវាស់វែងដីដើម្បីចុះបញ្ជីនិងធ្វើ   បណ្ណកម្មសិទ្ធិជូនពលរដ្ឋនៅឃុំរបស់គាត់ ប៉ុន្តែជាអកុសលមិនបានវាស់វែងដីនៅតំបន់ពួកគាត់នោះឡើយដោយអះអាងថា មានស.ជ.ណ.សាលាខេត្តកណ្តាលហាមឃាត់។

ពាក់ព័ន្ធទៅនឹងបញ្ហានេះដែរ យោងតាមឯកសារផ្លូវការដែលសារព័ត៌មានត្រយងទទួលបានបង្ហាញថា ពលរដ្ឋធ្លាប់បានដាក់លិខិតគោរពជូនសម្តេចហ៊ុន សែនអតីតនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២៣ ។ក្រោយមក សំណើរបស់ពលរដ្ឋទាំងនោះក៏ត្រូវបានបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដោះស្រាយ ជូនពលរដ្ឋទាំងអស់នោះផងដែរ។

ជុំវិញការតវ៉ារបស់ពលរដ្ឋនេះដែរ លោក ទូច សុឃៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃធ្លាប់បានបញ្ជាក់ប្រាប់សារព័ត៌មាន ត្រយងថា ករណីដីនៅទំនាបឆ្តោនោះ ក្នុងឃុំសំរោង ស្រុកកៀនស្វាយនោះ ពុំមែនជាជម្លោះរ៉ាំរ៉ៃនោះទេ គ្រាន់តែជាការ ស្នើសុំប័ណ្ណកម្មសិទ្ធិដែលពលរដ្ឋបានអះអាងថា បានធ្វើដោយខ្លួនឯងតាំងពីបែកសម័យប៉ុលពតមកនិងបន្តរស់នៅអាស្រ័យ ផលជាប់លាប់ក្នុងជីវភាពសង្គមរហូតមកដល់សព្វថ្ងៃនេះ។

ក្រោយការតវ៉ានៅមុខសាលាខេត្តកណ្តាលនោះ តំណាងពលរដ្ឋត្រូវបានអនុញ្ញាតឲ្យជួបអភិបាលរងខេត្តកណ្តាលមួយរូបផងដែរ។ យោងតាមប្រភពពីពលរដ្ឋបានឲ្យដឹងថា ក្នុងជំនួបនោះ តំណាងអាជ្ញាធរខេត្តកណ្តាលបានស្នើឲ្យប្រជាពលរដ្ឋត្រឡប់ទៅផ្ទះវិញប្រមូលឯកសារពាក់ព័ន្ធផ្សេងៗ ហើយថា​ អាជ្ញាធរនឹងចុះទៅពិនិត្យដោះស្រាយនៅពេលដែលទឹកស្រកអស់។

ពាក់ព័ន្ធទៅនឹងការចេញប័ណ្ណកម្មសិទ្ធិជូនដល់ពលរដ្ឋនេះ អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោហ៊ុន សែនធ្លាប់បាន លើកឡើងនៅចំពោះមុខថ្នាក់ដឹកនាំនិងមន្ត្រីនាពេលកន្លងមកថា បើពលរដ្ឋធ្លាប់ដាំដុះនៅកន្លែងហ្នឹង គាត់នៅកន្លែងហ្នឹង ប្រគលឲ្យគាត់ទៅ!៕

Share.