ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញជំងឺ អឹមផក (Mpox) ឈ្មោះដើមជំងឺអុតស្វា ទៅលើបុរសម្នាក់ទៀត សរុបចំនួនទី៥ករណី។ នេះបើតាមសេចក្តៅចូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ។
ការប្រកាសនេះធ្វើឡើង ដោយយោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថាប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណីជំងឺអឹមផក(Mpox) ចំនួន១ករណីបន្ថែមទៀត លើបុរសម្នាក់ដែលបានដាក់ឱ្យ ព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ ដូច្នេះសរុបជំងឺអឹមផកដែលបានរកឃើញចំនួន ៥ករណី។

បន្ទាប់ពីរកឃើញករណីទី៥នេះ ក្រសួងសុខាភិបាល បានអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាថ្មីទៀតថា សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បី បង្ការនូវការចម្លងជំងឺអឹមផកដោយស្វែងយល់របៀបឆ្លង និងត្រូវអនុវត្តនូវវិធានការបង្ការនានា ដូចខាងក្រោម៖
១. របៀបចម្លង៖
• វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺ អឹមផកនិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារ ស្លាបព្រាចាន កែវទឹក។ល។
• វីរុសអុតស្វា ឆ្លងពីម្ដាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល ការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះឬឪពុកម្ដាយមានជំងឺអឹមផក។
២. វិធានការបង្ការការចម្លងជំងឺអឹមផក៖
• តាមរយៈអនុវត្តការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាង
មានដៃគូរួមភេទច្រើន។
• ចៀសវាងប៉ះពាល់ផ្ទាល់ ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអឹមផក។ ចៀសវាងការប៉ះពាល់ជាមួយ សម្លៀកបំពាក់ កម្រាលពូកខ្នើយ ឬកន្សែងពោះគោ ឬ ចាន ស្លាបព ឬពែង ឬផ្ទៃនៃទីតាំង ដែលអ្នកមានជំងឺអឹមផកប្រើប្រាស់។
• ចៀសវាងការប៉ះពាល់ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់របស់អ្នកជំងឺអឹមផក។ អនុវត្តអនាម័យដៃដោយលាងសម្អាតដៃជាមួយទឹកនិងសាប៊ូ ឬជែល លាងដៃ ឬអាល់កុលលាងដៃ។
• បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថាមានជំងឺអឹមផក ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែករហូតដល់ ក្រមរជ្រុះអស់ និងទទួលលទ្ធផលអវិជ្ជមានវីរុសអុតស្វា។» បុគ្គលដែលផ្តល់ការថែទាំអ្នកជំងឺអឹមផក ត្រូវតែប្រើប្រាស់វិធានការការពារខ្លួនឱ្យបានសមស្រប។
• បុគ្គលមានរោគសញ្ញាដូចជា កន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង ទោះបាន ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអឹមផក ឬមិនមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺអឹមផក ត្រូវទៅពិគ្រោះ យោបល់ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ ពិគ្រោះ ឬធ្វើតេស្ដរកជំងឺអឹមផក ឬទូរស័ព្ទមកកាន់លេខ១១៥ ដើម្បីទទួលបានការណែនាំ និងពិគ្រោះយោបល់។

គួរំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ប្រកាសពីកាលរកឃើញជំងឺ អុតស្វា ជាលើកដំបូងមួយករណី១ ទៅលើបុរសជនជាតិ នីហ្សេរីយ៉ា ម្នាក់ ដែលបាន លួចរត់គេចពីប្រទេសថៃ លួចចូលមកប្រទេសកម្ពុជា។
បុរសជនជាតិ នីហ្សេរីយ៉ា ដែលឆ្លងជំងឺ អុតស្វា រត់គេចពីប្រទេសថៃ មានឈ្មោះ អូស ម៉ុង សាហា ហ្សីរីម មាន អាយុ ២៧ឆ្នាំ កាន់ប៉ាសស្ព័រលេខ A10414328 ជាអ្នកទេសចរ និងមានប្រវត្តិនៃការធ្វើដំណើរចូលមកទឹកដីថៃ កោះភូកេត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។
បុរសរូបនេះ បានគេចខ្លួនពីប្រទេសថៃ ហើយធ្វើដំណើរចូលមកប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៣ កក្កដាឆ្នាំ២០២២ នៅម្តុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានី ភ្នំពេញ ខណៈ បុរសនេះកំពុងតែស្នាក់នៅផ្ទះសំណាក់មួយនៅផ្លូវ៤៣០ សង្កាត់ទួលទំពូង។ បន្ទាប់មកក្រសួងសុខាភិបាលបានបញ្ជូនបុរសជនជាតិ នីហ្សេរីយ៉ា ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្សី ៕


អត្ថបទ៖ សង្គម

