អាជ្ញាធរសុខាភិបាលចិនបានចេញសេចក្តីណែនាំថ្មីដោយតំរូវអោយមានការពាក់ម៉ាស់សម្រាប់សាធារណជនទូទាំងប្រទេស ខណៈដែលប្រទេសនេះប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ យ៉ាងអាក្រក់បំផុតក្នុងរយៈពេលជាង១ឆ្នាំ។
ការរីករាលដាលនៃជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទ Delta បានឆ្លងរាលដាលពាសពេញខេត្តជាងពាក់កណ្ដាលរបស់ប្រទេសចិន ដែលធ្វើឲ្យអាជ្ញាធរមានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងការទប់ស្កាត់ការ ឆ្លងរាលដាលយ៉ាងតឹងរ៉ឹងលើការធ្វើដំណើរ។ ការទប់ស្កាត់នេះបានធ្វើឲ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ច និង ការធ្វើដំណើររបស់ប្រជាជនទូទាំងប្រទេសរាប់សិនលាននាក់។

មុនពេលផ្ទុះការឆ្លងកើនឡើងសារជាថ្មី នៅក្នុងប្រទេសចិនបានវិលត្រឡប់មករកភាពធម្មតាវិញហើយ ដោយប្រជាជនទាំងអស់មានសេរីភាពក្នុងការរស់នៅលែងពាក់ម៉ាស់ គឺគ្រាន់តែអនុវត្តវិធានការគម្លាតសង្គមតែប៉ុណ្ណោះ។
ប៉ុន្តែស្រាប់តែថ្មីៗនេះករណីឆ្លងនៅតាមខេត្តមួយចំនួនមានការកើនឡើងវិញដោយសារតែវីរុសបំប្លែងថ្មី Delta ចាប់ផ្ដើមវាយលុកយ៉ាងគំហុក។ នៅថ្ងៃសុក្រម្សិលម៉ិញ គណៈកម្មការសុខភាពជាតិចិនបានចេញសេចក្ដីណែនាំជាថ្មី ដោយតម្រូវឲ្យប្រជាជនទាំងអស់នាំគ្នាពាក់ម៉ាស់ឡើងវិញ មិនថាក្នុងផ្ទះ រឺ កន្លែងសាធារណៈផ្សេងៗជាដើម។
ការផ្ទុះឡើងជាបន្តបន្ទាប់បានចាប់ផ្ដើមកាលពីខែមុន នៅក្នុងទីក្រុងណានជីង ខេត្តជាំងស៊ូ ភាគខាងកើតប្រទេសចិន ដោយរកឃើញអ្នកធ្វើការក្នុងព្រលានយន្តហោះចំនួន ៩នាក់ វិជ្ជមានមេរោគបំប្លែងថ្មី។
កាលពីថ្ងៃសុក្រគណៈកម្មការសុខភាពជាតិចិនបានប្រកាសថាប្រជាជនចំនួន ៧៧០ លាននាក់នៅក្នុងប្រទេសចិនបានទទួលការចាក់ថ្នាំបង្ការពេញលេញ ដែលស្មើនឹង ៥៥% នៃចំនួនប្រជាជនសរុបរបស់ខ្លួនគឺ ១,៤ ពាន់លាននាក់៕
ប្រភព៖ CNN
ដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

