សិល្បៈជាតិ៖ គ្រាន់តែទម្លាក់រូបភាពក្រោយឆាកនៃវគ្គ Close Door Interview នៃកម្មវិធី Miss Grand Kompong Chhnang ធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍ខ្លាំង ព្រោះបេក្ខនារីទាំង១២ រូប ដែលចូលរួមប្រកួតមិនត្រឹមតែមានសម្រស់ស្អាតនោះទេ តែម្នាក់ៗបានស្ពាយជាប់ខ្លួនមកជាមួយនឹងភាពជឿជាក់ រហូតធ្វើឱ្យគណៈកម្មការ ពិសេស PD ពិបាកនឹងផ្ដល់ពិន្ទុជាខ្លាំង។

កន្លងមក កញ្ញា ខាត់ ស្រីច័ន្ទ ហៅ ខេត PD តំណាងខេត្តកំពង់ឆ្នាំង ធ្លាប់បានអះអាងប្រាប់អ្នកសារព័ត៌មានយើង ថាកញ្ញាមិនខ្លាចនឹងផ្ទេរដួងវិញ្ញាណ និងអ្វីដែលខ្លួនមាន ឱ្យទៅបេក្ខនារីតំណាងឱ្យខេត្តកំពង់ឆ្នាំង ដើម្បីឆ្ពោះទៅដណ្ដើមមកុដ Miss Grand Cambodia លំដាប់ប្រទេស និង Miss Grand International លំដាប់ពិភពលោកនោះឡើយ។

យ៉ាងណាមិញ កាលពីថ្ងៃទី៥ ខែកុម្ភៈ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់កម្មវិធី Miss Grand Kompong Chhnang បានបញ្ចេញរូបភាពជាច្រើនសន្លឹកស្ដីពីសកម្មភាពខ្លះៗនៃវគ្គបិទទ្វារសម្ភាសន៍បេក្ខភាព ដើម្បីផ្ដល់ពិន្ទុដល់បេក្ខភាព ក៏ដូចជាសម្លឹងរកមើលបេក្ខភាពដែលមានភាពក្លាហាន ជឿជាក់ វ័យឆ្លាត និង មានចំណេះដឹងជ្រៅជ្រះ។ អ្នកតាមដានកម្មវិធីប្រកួតថ្នាក់ខេត្ត ពិសេសការប្រកួតកញ្ញាឯកដ៏អស្ចារ្យប្រចាំខេត្តកំពង់ឆ្នាំង បានសម្ដែងការកោតសរសើរចំពោះការរៀបចំរបស់ PD រូបនេះនិងក្រុមការងារ ព្រោះត្បិតការប្រកួតស្ថិតលំដាប់ថ្នាក់ខេត្ត តែ Production មើលទៅទាន់សម័យ ស្ថិតក្នុងកម្រិតស្ដង់ដារ រីឯបេក្ខនារីដែលមកប្រកួតវិញ ម្នាក់ៗ លេចធ្លោមិនចាញ់គ្នានោះដែរ ទាំងសម្រស់ ការតុបតែង ក៏ដូចជាជំនឿចិត្ត៕











