ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ផ្សែងខ្មួលខ្មាញ់បង្កការភ្ញាក់ផ្អើលឡើងកាលវេលាម៉ោង២នឹង១០នាទីរសៀល ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ចំណុចផ្ទះលេខ៨២២ ក្រុម២៥ ភូមិតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីអគ្គិភ័យនេះ ជាប្រភេទសំណង់ថ្មបេតុង ទំហំ (៥ម៉ែត្រ គុណ ២០ម៉ែត្រ ដោយបានឆេះអស់១បន្ទប់ រួមទាំងសម្ភារៈសំណង់អស់មួយចំនួន តែមិនបណ្តាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

លោកបានបន្តទៀតថា ក្នុងហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ ចំនួន០១ឡាន ទើបអាចគ្រប់គ្រងបានទាំងស្រុង ក្នុងនោះរួមមាន រថយន្ដការិយាល័យជំនាញ ចំនួន០៣គ្រឿង ពុំបានប្រើទឹក, រថយន្ដស្នងការខេត្តកណ្តាល ចំនួន០២គ្រឿង ប្រើទឹកអស់ចំនួន០១ឡាន ស្មើនឹង០៤ម៉ែត្រគូប ធ្វើការបាញ់អោយរលត់ទៅវិញ នៅវេលាម៉ោង១៥នឹង០០នាទី។ ករណីនេះដែរមិនបណ្ដាលអោយមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ
ចំពោះមូលហេតុជំនាញបានធ្វើការស្រាវជ្រាវបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

អត្ថបទ៖ សេង សាវី

