ភ្នំពេញ ៖ កម្មការនីរោងចក្រទឹកដោះគោចំនួន៣នាក់ បានដួលសន្លប់ បន្ទាប់ពីផ្អើលឆោឡោ ដោយសារទុស្សេឆាបឆេះកាប៊ីណភ្លើង នៅជាប់អគាររោងចក្រ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរោងចក្រទឹកដោះគោ តាមផ្លូវបេតុងក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមសម្តីកម្មកររោងចក្រ បានឱ្យដឹងថា មុនកើតហេតុ ខណៈដែលរោងចក្របើកទ្វារ ដើម្បីឱ្យបងប្អូនកម្មករចូលធ្វើការងារ ស្រាប់តែទុស្សេខ្សែភ្លើងបង្កជាអគ្គិភ័យឆេះក្នុងកាប៊ីន នៅជាប់អគាររោងចក្រ បង្កឱ្យផ្អើលឆោឡោ កម្មករ អាជ្ញាធរ សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ ដោយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ជាច្រើនបំពង់ ហើយស្របពេលផ្អើលនោះដែរ មានកម្មការនី៣នាក់ភ័យស្លន់ស្លោ រហូតដួលសន្លប់ ។

កម្មការនីដួលសន្លប់ទាំង៣នាក់ ទី១ ឈ្មោះ ទួន រតនា អាយុ៤២ឆ្នាំ , ទី២ ឈ្មោះ សាយ ចន្ធី អាយុ២៧ឆ្នាំ , ទី៣ ឈ្មោះ ឈឿន ភ័ក្ត្រា អាយុ២៤ឆ្នាំ ។

ហេតុការណ៍កើតឡើងភ្លាមៗ វត្តមានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង មកពីអង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន៣គ្រឿង រថយន្តរបស់ស្នងការរាជធានីភ្នំពេញ ចំនួន១គ្រឿង បានទៅដល់ តែដោយសារចរន្តភ្លើងមុនទាន់កាត់ផ្តាច់ ទើបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់វិញ ។

ក្រោយកើតហេតុ ស្ត្រីដួលសន្លប់ទាំង៣នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិចិនតុងដឹកយកទៅ ។ ហើយខាងរោងចក្រ អនញ្ញាតិឱ្យបងប្អូនកម្មករសម្រាកការងារ មួយព្រឹកជាបណ្តោះអាសន្ន រងចាំជំនាញអគ្គិសនី ទៅធ្វើការតបណ្តាញភ្លើងឡើងវិញ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.