យោងតាមសេចក្តីរាយការណ៍ពីខេត្តព្រះសីហនុបានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួន មនុស្សប្រុសស្រីជាជនជាតិចិនចំនួន ០៤នាក់ ដែលចាប់បុរសម្នាក់ទៀតជាជនជាតិដូចគ្នា ដាក់ចូលក្នុងរថយន្តទំនើបមួយគ្រឿង រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ។
ហេតុការណ៍នេះបានកើតឡើង នៅតាមបណ្តោយវិថីឯករាជ្យ ចំណុចស្តុបសូរិយាតូច ស្ថិតក្នុងភូមិ០២ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេ ប្រទះឃើញជនជាតិចិនចំនួន០៤នាក់មានស្រីមានប្រុស បានចាប់ខ្លួនបុរស ជនជាតិ ចិនម្នាក់ទៀតចូលក្នុងរថយន្ត ដោយពុំទាន់ដឹងពីមូលហេតុអ្វីនៅឡើយទេ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ដែលកំពុងឈរជើងតាមគោលដៅចរាចរណ៍ក្បែរនោះ ក៏សហការ គ្នាជាមួយសមត្ថកិច្ចព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនជាតិចិនខាងលើនោះបានភ្លាមៗ ។ ក្រោយពេលកើតហេតុជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនយកទៅចាត់ការបន្តតាមនីតិវិធី ៕




អត្ថបទ៖ភ្នាក់ងារខេត្តព្រះសីហនុ
