កំពង់ស្ពឺ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តALPHARD បើកបុករបាំងដែក លើផ្លូវល្បឿនលឿន ក្រឡាប់រថយន្តច្រើនត្រឡប់ បណ្តាលឱ្យស្លាប់៥នាក់ របួសធ្ងន់២នាក់ កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្លូវល្បឿនលឿន គីឡូម៉ែត្រលេខ២០ ចំណុចភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

រថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-6657 បើកបរដោយឈ្មោះ ញឹក ពិសី ភេទស្រី អាយុ៣៣ឆ្នាំ(ស្លាប់) រួមដំណើរជាលក្ខណៈគ្រួសារ ៦នាក់ទៀត ៖
ទី១ ឈ្មោះ ញឹក តុលា ភេទស្រី អាយុ៣៨ឆ្នាំ ត្រូវជាបងបង្កើត (ស្លាប់) ។ ទី២ ឈ្មោះ គឹម ឡៃណាត ភេទស្រី អាយុ៦៥ឆ្នាំ ត្រូវជាម្តាយបង្កើត (ស្លាប់) ។ ទី៣ ឈ្មោះ គឹម ថាវី ភេទស្រី អាយុ៥៤ឆ្នាំ ម្តាយរបស់បងថ្លៃ (ស្លាប់) ។ ទី៤ ឈ្មោះ ទិត្យ ប៊ុនណា ភេទប្រុស អាយុ៦៦ឆ្នាំ ឳពុករបស់បងថ្លៃ (ស្លាប់) ។ ទី៥ ឈ្មោះ ហេង កុសល ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាបងថ្លៃ (រងរបួស )។ ទី៦ ឈ្មោះ ហេង ពេជ្រពិសី ភេទស្រី អាយុ ១៣ឆ្នាំ ប្អូនថ្លៃ (រងរបួស) ។

ជនរងគ្រោះទាំង៧នាក់ សុទ្ធតែជាបងប្អូន មានទីលំនៅ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មុនកើតហេតុ រថយន្តធ្វើដំណើរឆ្ពោះដើរកម្សាន្តនៅឯក្រុងព្រះសីហនុ ដោយបើកលើផ្លូវល្បឿនលឿន ពីកើតទៅលិច ដល់ចំណុចកើតហេតុរេចង្កូតបុករបាំងដែក ក្រឡាប់ច្រើនត្រឡប់ បណ្តាលឱ្យស្លាប់៥នាក់ ប្រុស១នាក់ ស្រី៤នាក់ របួស២នាក់ ប្រុស១នាក់ ស្រី១នាក់ ។

ក្រោយកើតហេតុ សមត្ថកិច្ចសហការ ចាត់បញ្ជូនជនរងគ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែកសាកសពជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្តសមត្ថកិច្ចស្ទូចយកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ

