សិល្បៈជាតិ៖ តាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ឱ្យដឹងថា កម្ពុជា​បានទទួល​ចម្លាក់​ព្រះពុទ្ធ​បដិមា ១អង្គ ដែល​វត្ថុ​បុរាណ​ដ៏​ពិសេស​អាយុកាល​ជាង ១០០០ឆ្នាំ នៅ​ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៤។

អ្នកជំនាញ​ជនជាតិ​ស្វី​ស​ជឿថា រូបចម្លាក់​នេះ​មាន​អាយុកាល​តាំងពី​សម័យមុន​អង្គរ ឬ​ដើម​សម័យអង្គរ ហើយ​សន្មត​ថា​មាន​អាយុកាល​ជាង ១០០០ឆ្នាំ។ ចម្លាក់​ព្រះពុទ្ធ​បដិមា ១អង្គ​នេះ ជា​វត្ថុ​បុរាណ​ដ៏​ពិសេស ដែល​តំណាង​ឲ្យ​បេតិកភណ្ឌ​ផ្នែក​សិល្បៈ ប្រវត្តិសាស្ត្រ និង​សាសនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ចម្លាក់​នេះដែរ ត្រូវបាន​ផលិតឡើង​ពី​លោហៈ និង​មាន​វិមាត្រ បណ្តោយ ៤១,៥០ x ជម្រៅ ២២,៥០ x កម្ពស់ ៤៩ ស.ម។

យ៉ាងណាមិញ យោងតាម​ការវាយតម្លៃ​ជំហាន​ដំបូង​របស់​អ្នកជំនាញ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ (MCFA) ដោយ​ផ្អែកលើ​ទម្រង់ និង​រចនាបថ ចម្លាក់​នេះ​គឺជា​រូប​បដិមា​ព្រះពុទ្ធ​ផ្ចាញ់​មារ ផលិតឡើង​ពី​លោហៈ ដែលមាន​អាយុកាល​តាំងពី​សតវត្ស​ទី១៨ ឬ​ទី១។ តាមរយៈ​ការប្រៀបធៀប​យ៉ាង​ល្អិតល្អន់​នៃ​បច្ចេកទេស​សិល្បៈ និង​បច្ចេកទេស​នៃ​ការផលិត អ្នកជំនាញ​បាន​សន្និដ្ឋានថា រូបចម្លាក់​នេះ គឺជា​វត្ថុ​សិល្បៈ​បុរាណ​ខ្មែរ​ពិតប្រាកដ ប្រកបដោយ​គុណ​តម្លៃ​សិល្បៈ​និង​សាសនា ដែល​ចាំបាច់​ក្នុងការ​ថែរក្សា​ជា​សម្បត្តិ​វប្បធម៌​ជាតិ។

ក្នុង​ឆ្នាំ២០១៤ អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​ខេត្ត​បា​ហ្សែ​ល បាន​រឹបអូស​ចម្លាក់​ព្រះពុទ្ធ​មួយអង្គ ដែល​យោងទៅតាម​ឯកសារ សន្មត​ថា​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា។ នៅក្រោម​ច្បាប់​របស់​ប្រទេស​ស្វី​ស ទ្រព្យសម្បត្តិ​វប្បធម៌​ដែល​រឹបអូស​បាន ត្រូវ​ប្រគល់ជូន​ប្រទេស​ដើមកំណើត​វិញ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុកថា ការធ្វើ​មាតុភូមិនិវត្តន៍​វត្ថុ​បុរាណ​របស់​កម្ពុជា គឺជា​កាយវិការ​ដ៏​ថ្លៃថ្នូរ និង​គួរឱ្យ​គោរព ដែល​ឆ្លុះបញ្ចាំង​ពី​ក្រមសីលធម៌ និង​ការគិតគូរ ក្នុងការ​រួមចំណែក​ដ​ល់ត​ម្លៃ​វប្បធម៌​របស់​ប្រទេសជាតិ ហើយក៏​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ថ្លៃថ្លា ក្នុងការ​ផ្សះផ្សា និង​ព្យាបាល​របួស​ផ្លូវចិត្ត​របស់​ប្រជាជន​កម្ពុជា​ដែល​ធ្លាប់បាន​ស៊ូទ្រាំ​នឹង​សង្គ្រាមស៊ីវិល​អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ៕

Share.