ក្រសួងមហាផ្ទៃ៖ នាវេលាម៉ោង៩ព្រឹក ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ មានរៀបចំពិធី​ប្រកាស​ដាក់​ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធទូទាត់វិក្កយ​ប​ត្រ​ (Payment Hub) និងការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យា​សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ​នៅអង្គភាពច្រកចេញចូល​តែមួយរាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធនានា អភិបាលរាជធានី ខេត្ត នាយករដ្ឋបាល នាយកទីចាត់ការហិរញ្ញវត្ថុនិង ប្រធានអង្គភាពច្រកចេញចូលតែមួយទាំង២៥រាជធានី ខេត្ត ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុន និងធនាគារដៃគូ សរុបចំនួនជាង២២០រូប។ 

ក្នុងពិធីនោះ ឯកឧត្តម សួស​ ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានថ្លែងរបាយការណ៍ស្តីពីដំណើរការនៃការរៀបចំកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅក្នុង​អង្គភាពច្រកចេញចូលតែមួយ ការរៀបចំ​ប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងការ​អនុវត្ត​សាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ​នៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត​​។ ឯកឧត្តមបានបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់    សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឯកឧត្តមអគ្គនាយកមានប្រសាសន៍បន្ថែមថា ក្នុងឪកាសនោះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យអគ្គនាយកដ្ឋានរដ្ឋបាល សិក្សា និ​ង​រៀបចំឱ្យមានកម្មវិធី​សម្រាប់គ្រប់គ្រង និងផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយតាមប្រព័ន្ធឌីជីថល ក្នុងគោលបំណងផ្ដល់ភាពងាយស្រួលដល់ការគ្រប់គ្រងចរន្តឯកសារស្នើសុំសេវា និងទិន្នន័យផ្តល់សេវារបស់អង្គភាព​ច្រកចេញចូលតែមួយ ស្របនឹងបរិបទនៃការរីកចំរើនបច្ចេកវិទ្យាព័ត៌មានវិទ្យា ។

ឈរលើ​មូលដ្ឋាននេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានសិក្សាបច្ចេកទេស និងបង្កើតឡើងនូវ​​កម្មវិធី​ព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវា​នៅក្នុងអង្គភាពច្រកចេញចូលតែមួយ ដែលមានលក្ខណៈទំនើប សម្រាប់​គ្រប់គ្រងទិន្នន័យតាមប្រព័ន្ធអនឡាញ នៅឆ្នាំ២០២០ ព្រមទាំងសហការជាមួយក្រុមហ៊ុនKESS INOVATIONS PLC ដើម្បីបង្កើត និងដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់វិក្កយបត្រឲ ជាជំហានៗ តាំងពីឆ្នាំ២០២១ និងការដាក់អនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យា​សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ​នៅអង្គភាពច្រកចេញចូល​តែមួយរាជធានី ខេត្ត ក្នុងខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការដាក់​ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធទូទាត់វិក្កយ​ប​ត្រ​ (Payment Hub) និងការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យា​សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ​នៅអង្គភាពច្រកចេញចូល​តែមួយរាជធានី ខេត្ត ​​នៅពេលនេះ គឺជា​សមិទ្ធ​ផល​ថ្មីមួយទៀត​នៅក្នុងការធ្វើកំណែ​ទម្រង់វិមជ្ឈការ និង​វិសហ​មជ្ឈការ​​​របស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជាពិសេសការផ្តល់សេវារដ្ឋបាល តាមរយៈប្រព័ន្ធឌីជីថល ដើម្បីជំរុញប្រសិទ្ធិភាព និងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការស្នើសុំសេវា​រដ្ឋបាលឱ្យបានកាន់តែឆាប់រហ័ស​ មានតម្លាភាព និងគុណភាពខ្ពស់ ស្របតាមគោលការណ៍ ស្តង់ដា​ បែបបទ និងនីតិវិធីនៃការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ។

ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍បន្ថែមថារាជ​រដ្ឋា​​ភិបាលនីតិកាលទី៧​នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​ បានប្តេជ្ញាចិត្តខ្ពស់ផ្នែកនយោបាយ​យ៉ាង​​មុត​មាំ ក្នុងការបន្តជំរុញកិច្ចដំណើរការ​កំណែ​ទម្រង់វិមជ្ឈការ និង​​វិសហមជ្ឈការឱ្យមានការវិវត្តទៅ​មុខ ដោយផ្តោតជាសំខាន់លើការជំរុញការអនុវត្ត​​មុខងារ និងធនធា​ន ដែលបាន​ផ្ទេរ​ទៅ​ឱ្យ​​រដ្ឋបាល​ថ្នាក់​ក្រោមជាតិឱ្យមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ដើម្បីឆ្លើយតប​សេចក្តី​ត្រូវការ​របស់​​ប្រជាពល​រដ្ឋ ជាពិសេសការប្រើប្រាស់ប្រព័ន្ធ​បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងការងាររដ្ឋបាល និងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។

ឯកឧត្តមបញ្ជាក់ថា ដើម្បី​កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ​សម្រេច​បាននូវ​ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ បានកំណត់យកអាទិភាពគន្លឹះចំនួន៥​ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥នេះ បច្ចេកវិទ្យាឌីជីថល គឺជាអាទិភាពគន្លឹះថ្មីមួយនៅក្នុង​បញ្ចកោណទី៥​របស់រាជរដ្ឋាភិបាល។ ការរៀបចំប្រព័ន្ធទូទាត់វិក្កយបត្រ និងអនុវត្តកម្មវិធីព័ត៌មានវិទ្យា​សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាល​តាមប្រព័ន្ធអនឡាញ​នៅអង្គភាពច្រកចេញចូល​តែមួយនៃរដ្ឋបាលរាជធានី ខេត្ត ដែលយើងកំពុងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ គឺជាការចូលរួមចំណែកជាជំហានៗក្នុងការអនុវត្តបញ្ចកោណទី៥របស់រាជរដ្ឋាភិបាល។

បច្ចេកវិទ្យាឌីជីថល គឺជាអាទិភាពគន្លឹះថ្មីមួយនៅក្នុង​បញ្ចកោណទី៥របស់រាជរដ្ឋាភិបាល ដែលផ្ដោតជាសំខាន់លើការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល៕

Share.