ភ្នំពេញ ៖ បុរសជនជាតិស្រីលង្កាម្នាក់ ស្រវឹងស្រា ស្រែកឡូឡា រំខានដល់អ្នកដទៃ ទ្រាំលែងបានគេដេញឱ្យដេកក្រៅផ្ទះ ស្រាប់តែផ្ទុះកំហឹង ដើរអុកឡុក ក្នុងមូលដ្ឋាន វាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ វាយបំបែកកញ្ចក់រថយន្ត ផ្អើលពេញភូមិទាំងព្រឹកព្រលឹម កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសបង្ក មានវ័យជាង៣០ឆ្នាំ ជាជនជាតិស្រីលង្កា មកធ្វើជាកម្មកររោងចក្រ ស្នាក់នៅ ចំណុចកើតហេតុខាងលើ ។

បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា បុរសជនជាតិស្រីលង្កាម្នាក់ខាងលើ ស្រវឹងស្រាម្តងៗ តែងតែងឡូឡា អុកឡុកក្នុងមូលដ្ឋាន ខំរានដល់ពលរដ្ឋរស់នៅក្បែរខាង ។

ប្រភពបន្តទៀតថា មុនកើតហេតុ កាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ បុរសខាងលើផឹកស្រវឹងស្រែកឡូឡា ធ្វើឱ្យអ្នកស្នាក់នៅជាមួយ ទ្រាំលែងបាន ដេញឱ្យទៅដេកក្រៅផ្ទះ ស្រាប់តែផ្ទុះកំហឹង ដើរអុកឡុក រហូតដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ កាន់តែកាច កាន់តែខ្លាំង ដើរវាយ បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិតាមផ្ទះជនជាតិឥណ្ឌាស្នាក់នៅ វាយបំបែកខ្ទេចកញ្ចក់រថយន្តមួយគ្រឿង ។

ដោយទង្វើរ សកម្មភាព របស់បុរសខាងលើ ធ្វើឱ្យជនជាតិឥណ្ឌា អ្នករស់នៅតំបន់នោះទ្រាំលែងបាន នាំគ្នាចាប់ចង ហើយរាយការណ៍ទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ។

ជនបង្កខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមបណ្តឹងរបស់ពលរដ្ឋ រួចនាំយកទៅប៉ុស្តិ៍ដើម្បីបន្តនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.