ភ្នំពេញ ៖ បុរសម្នាក់រងរបួសបាក់ជើងឆ្វេង ខណៈដែលកំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវ ស្រាប់តែមានក្រុមក្មេងស្ទាវ២ក្រុម ជិះដេញវាយគ្នា ជ្រុលទៅបុកពីក្រោយជនរងគ្រោះ ហើយនាំគ្នាជិះរត់គេចបាត់អស់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ កែងផ្លូវបេតុងវត្តជន្លង់ម្លូ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ហ៊ន ពុទ្ធារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិល្វា ឃុំអង្គពពេល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានស្រុកកំណើត ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះ ម៉ូតូម៉ាក ហុងដាឌ្រីម តាកែវ 1AB-5247 មានទាំងបង្វិចខោអាវ ធ្វើដំណើរវិលទៅស្រុក ទើបដល់ចំណុចកើតហេតុ ស្រាប់តែមានក្មេងស្ទាវ២ក្រុមជិះម៉ូតូច្រើនគ្រឿងដេញវាយគ្នា ប្រសេចប្រសាច ជ្រុលបុកជនរងគ្រោះពីក្រោយ បណ្តាលឱ្យរងរបួសបាក់ជើងឆ្វេង ចំណែកម៉ូតូក្មេងស្ទាវ ភ្លាមៗលើកជិះរត់គេចបាត់ស្រមោល ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកេតុមាលា ៕



អត្ថបទ៖តាតុង សែនជ័យ
