តាកែវ ៖ បុរសម្នាក់វ័យជាង២០ឆ្នាំ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ រហូតមកដល់វេលាម៉ោង៧យប់ថ្ងៃដដែល សមត្ថកិច្ចស្រាវជ្រាវស្វែងរកសាច់ញាតិមិនទាន់ឃើញ ។
សពជនរងគ្រោះមានវ័យជាង២០ឆ្នាំ ពាក់អាវយឺតពណ៌ខៀវ ស្លោកខោគគី ជើងវែង ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IS-3832 ជាមធ្យោបាយ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍ ជិះបុកជាមួយម៉ូតូមួយគ្រឿងទៀត ក្នុងដំណើរស្របទិស ពីត្បូងទៅជើង បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង ចំណែកភាគីម្ខាងទៀតរបួសស្រាល ។
ក្រោយកើតហេតុ សពរកសាច់ញាតិមិនទាន់ឃើញ ត្រូវបានដឹកយកទៅតំកល់ទុកនៅវត្ត បុទុមសូរិយា ហៅវត្តក្រពើទើរ ក្បែរកន្លែងកើតហេតុ ក្នុង ស្រុកសំរោង ។

សមត្ថកិច្ចធ្វើការពិនិត្យស្រាវជ្រាវ លើស្លាកលេខ ឯកសារនៅជាប់ម៉ូតូ ឃើញក្រដាសមួយសន្លឹក មានឈ្មោះ រឹម វីរៈ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ លុះដល់ធ្វើការ ស្រាវជ្រាវ ទំនាក់ទំនង ជាមួយសមត្ថកិច្ច អាជ្ញាធរ ខាងសង្កាត់ប្រទះឡាង ឈ្មោះរឹម វីរៈ កំពុងនៅផ្ទះ មិនបានចេញទៅណាទេ ។ ហើយម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខ ភ្នំពេញ 1IS-3832 ខាងលើ ត្រូវបានលក់ ដូរ ជាមួយម្តាយមីង ជាង២ឆ្នាំមកហើយ ហើយម្តាយមីងក៏បានលក់ម៉ូតូខាងលើបន្តទៅទៀត មិនដឹងថាប៉ុន្មានតំណរមកហើយ ។
តែទោះជាយ៉ាងណាក្តី សមត្ថកិច្ចជំនាញ ស្រុកសំរោង ធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីស្វែងរកសាច់ញាតិ ។ សពជនរងគ្រោះតំកល់ទុកនៅវត្តក្រពើទើរ មានបងប្អូនណាស្គាស់ ភិនភាគខាងលើ ឬបងប្អូនណាបាត់សមាជិកគ្រួសារ សូមអញ្ជើញទៅទាក់ទង អធិការដ្ឋាននគរបាលស្រុកសំរោង ខេត្តតាកែវ ៕

អត្ថបទ៖តាតុង សែនជ័យ
