ភ្នំពេញ ៖ ក្មេងស្រីម្នាក់ រងរបួសធ្ងន់ បាក់ដៃស្តាំ ចំណែកបុរសម្នាក់ទៀតរងរបួសបែករយះក្បាលវង្វេងបាត់ស្មារតី បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីម ជិះលឿនជ្រុលបុកជាមួយក្មេងស្រី ជិះស្កុបពីឆ្លងផ្លូវ ផ្លោងមួយគ្រឿងធ្លាក់ចូលប្រឡាយទឹក ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ភាគីម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DH-4534 ជិះដោយឈ្មោះ ព្រំ ឈុនលាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅគួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិវ៉ារិន្ទទី១ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ ចំណែកភាគីខាងម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IF-6634 ជិះដោយក្មេងស្រី ឈ្មោះ ប៊ុន សៀវមុី អាយុ១៦ឆ្នាំ មុខរវរសិស្សសាលា មានទីលំនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ក្មេងស្រីរងគ្រោះជិះម៉ូតូ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងផ្លូវ មិនទាន់ផុតផង ស្រាប់តែ ម៉ូតូហុងដាឌ្រីម ជិះលឿនពីជើងទៅត្បូង ជ្រុលបុកពេញទំហឹង ផ្លោងធ្លាក់ចូលប្រឡាយទាំងម៉ូតូទាំងមនុស្ស រងរបួសបែកមុខ ក្បាល វង្វេងបាត់ស្មារតី ចំណែកក្មេងស្រីរបួសបាក់ដៃស្តាំ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ហើយជនរងគ្រោះទាំង២នាក់ ហៅក្រុមគ្រួសារ ដឹកទៅពេទ្យដោយខ្លួនឯង ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.