ភ្នំពេញ ៖ រថយន្តកាមរីហាយប្រីដមួយគ្រឿងជិះជាលក្ខណៈគ្រួសារ គ្រាន់តែបង្អន់ល្បឿនបម្រុងចូលហាងគុយទាវ មិនទាន់បានឈប់ផង ស្រាប់តែរថយន្តកូរ៉េទេសចរណ៍ បើកលឿនហ្វ្រាំងមិនទាន់ ជ្រុលបុកខ្ទេចពីក្រោយ កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវសហព័ន្ធរុស្សុី ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តកាមរី ហាយប្រីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-2938 ជិះជាលក្ខណៈគ្រួសារ បើកពីកើតទៅលិច ដល់ចំណុចកើតហេតុ បង្អន់ល្បឿនបម្រុងចូលហាងគុយទាវ មិនទាន់បានឈប់ផង ស្រាប់តែរថយន្តទេសចរណ៍ ដឹកអ្នកដំណើរ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0921 បើកលឿនពីកើតទៅលិច ហ្វ្រាំងមិនជាប់ ជ្រុលបុកពីក្រោយ បណ្តាលឱ្យខ្ទេចផ្នែកក្រោយ ។

ក្រោយកើតហេតុ ភាគីសងខាង ធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តកូរ៉េ ទទួលខុសត្រូវ ដោយនាំយករថយន្តកាមរីទៅជួសជុលជូនវិញ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ដោយមិនឱ្យសមត្ថកិច្ចរវល់ឡើយ ៕

អត្ថបទ៖ តាតុងសែនជ័យ

