ស្វាយរៀង ៖ រថយន្តយុីឌុបដឹកផ្លែស្វាយមួយគ្រឿង អ្នកបើកបរងងុយដេក ងោកមួយភាំង បើករេចង្កូតបុករះផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែង ខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន ហើយក្រឡាប់ផ្ងារជើង បុកបាក់បង្គោលភ្លើងសង្កត់លើរថយន្ត ចាក់ផ្លែស្វាយចោល រងរបួសធ្ងន់អ្នកបើកបរ កៀបជាប់ក្នុងកាប៊ីន ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ រថយន្តជួបគ្រោះថ្នាក់ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-7747 ដឹកផ្លែស្វាយពេញទ្រុង ។
តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តបង្កបើកពីជើងទៅត្បូង ដឹកផ្លែស្វាយឆ្ពោះទៅលក់ឱ្យម៉ូយនៅព្រំដែនវៀតណាម លុះដល់ចំណុចកើតហេតុ អ្នកបើកបរងងុយដេក រេចង្កូតឡើងចិញ្ចើមផ្លូវបុករះផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែងជាប់គ្នា បុកបង្គោលភ្លើង ហើយក្រឡាប់ផ្ងារជើង ជាប់អ្នកបើកបរ រងរបួសធ្ងន់ ខូចខាតទ្រព្យសម្បត្តិ បាក់បង្គោលភ្លើងសង្កត់លើរថយន្តជាប់ ចាក់ផ្លែស្វាយពេញដី ។

ក្រោយកើតហេតុ សមត្ថកិច្ច ប្រជាពលរដ្ឋ ទាញបង្ហើបយកអ្នកបើកបរចេញ រួចដឹកបញ្ជូនទៅមន្ទីរពេទ្យស្រុកស្វាយទាប និងបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ច ស្ទូចលើក យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ

