ភ្នំពេញ ៖ ផ្ទះមួយល្វែងត្រូវបានអគ្គិភ័យឆាបឆេះអស់សម្ភារៈខាងក្នុង ដោយសារតែកូនប្រុសញៀនថ្នាំ ហើយមានសតិមិនប្រក្រតី យកភ្លើងដុត បង្កឱ្យភ្ញាក់ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ផ្ទះដែលរងនូវអគ្គិភ័យឆាបឆេះ សង់ពីបេតុងប្រក់ស័ង្កសី ទំហំ៥ម៉ែត្រx១៦ម៉ែត្រ ម្ចាស់ឈ្មោះ ណយ សុវណ្ណារ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ ។ ចំណែកកូនប្រុសញៀនថ្នាំ ហើយសតិមិនប្រក្រតី មានឈ្មោះ ណយ សុវណ្ណរិទ្ធី អាយុ២៥ឆ្នាំ ក្រោយកើតហេតុត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

តាមសមត្ថកិច្ចបានឱ្យដឹងថា យុវជនញៀនថ្នាំខាងលើ ចាប់ឃាត់ខ្លួន ដាក់មណ្ឌលអប់រំ កែប្រែ ច្រើនលើកច្រើនសារហើយ ដោយសារតែគ្រឿងញៀន មកដល់លើកនេះបែជាដុតផ្ទះខ្លួនឯងឆេះខ្ទេចទ្រព្យសម្បត្តិខាងក្នុង ។

ក្នុងប្រតិបត្តការខាងលើ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការក្រុងភ្នំពេញ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់តែ២រថយន្តភ្លើងរលត់ទៅវិញ ខូចខាតអស់ទ្រព្យសម្បត្តិខាងក្នុង ។ យុវជនញៀនថ្នាំត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីនាំយកទៅដាក់មណ្ឌលកែប្រែសារជាថ្មី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.