ភ្នំពេញ ៖ ក្មេងស្រីម្នាក់ ម្តាយប្រើឱ្យទៅដឹកស្រាបៀ លុះវិលត្រឡប់មកវិញ ជិះឆ្លងផ្លូវ ត្រូវបានម៉ូតូហុងដាឌ្រីម ជិះលឿនហ្វ្រាំងមិនទាន់ ជ្រុលបុកផ្លោងទៅលើសួនទ្រូងផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ បែកក្បាលសន្លប់ស្តូកស្តឹង ចំណែកម្ខាងទៀតរងរបួសស្រាល ធ្លាយកំប៉ុងស្រាបៀរាយពេញផ្លូវ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៦និង៤៥នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្មេងស្រីរងរបួសធ្ងន់ ឈ្មោះ ម៉េង សុខគា អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IO-2791 ។ ចំណែកភាគីខាងម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GM-5262 ជិះដោយឈ្មោះ សម្បត្តិ ផានី ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅ ភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ រងរបួសស្រាល ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុក្មេងស្រីរងគ្រោះ ត្រូវបានម្តាយប្រើឱ្យទៅដឹកស្រាបៀ ចំនួន៤កេស សម្រាប់យកទៅលក់ លុះវិលត្រឡប់មកវិញ គ្រាដែលកំពុងឆ្លងផ្លូវ ពីកើតទៅលិច មិនទាន់ផុតផង ស្រាប់តែម៉ូតូហុងដាឌ្រីម ជិះលឿនពីជើងទៅត្បូង ហ្វ្រាំងមិនទាន់ ជ្រុលបុកពីទទឹង ផ្លោងទៅលើសួនទ្រូងផ្លូវ ក្មេងស្រីរងរបួសធ្ងន់ ចំណែកខាងយុវជនរងរបួសស្រាល ធ្លាយកេសរាយស្រាបៀពេញផ្លូវ ។
ក្រោយកើតហេតុក្មេងស្រីរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យកុមាជាតិ ចំណែកម៉ូតូទាំង២គ្រឿង សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

