ភ្នំពេញ ៖ ក្មេងស្រីអាយុ១០ឆ្នាំម្នាក់បានស្លាប់ ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឪពុកនិងកូនប្រុសម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ គ្រាដែលកំពុងជិះម៉ូតូហុងដាគុប ឌុបកូនតូច២នាក់ ស្រាប់តែមានរថយន្តបើកបុកពីក្រោយ ផ្លោងធ្លាក់ចូលប្រឡាយ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្មេងស្រីដែលបានស្លាប់ មានឈ្មោះ សោម ម៉ូលីកា អាយុ១០ឆ្នាំ ចំណែកឪពុករងរបួសស្រាល ឈ្មោះ សោម សីហាក់ អាយុ៣៥ឆ្នាំ និងកូនប្រុសម្នាក់ទៀតឈ្មោះ សោម បញ្ញា អាយុ៣ឆ្នាំ រងរបួសស្រាល។ ជនរងគ្រោះទាំង៣នាក់ឪពុកកូន មានទីលំនៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូហុងដាគុប ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AV-8317 ឌុបកូន២នាក់ធ្វើដំណើរពីត្បូងទៅជើង ដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកស្របទិសបុកពីក្រោយម៉ូតូ ផ្លោងធ្លាក់ចូលប្រឡាយ ហើយរថយន្តបើករត់គេចទៅបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ឪពុកកូនត្រូវបានគេដឹកតាមម៉ូតូកង់បីយកទៅគ្លីនិកឯកជនមានជ័យ១ តែឃើញក្មេងស្រីរងរបួសធ្ងន់ ក៏ឱ្យក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យគន្ធបុប្ផា ជាអកុសលបានស្លាប់ ក៏បានដឹកយកទៅផ្ទះវិញ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.