សិល្បៈជាតិ៖ បន្ទាប់ពីមានលេចចេញរូបភាពតារាចម្រៀងរ៉េប នេន ទុំ ជាមួយនឹងបុគ្គលិកសំខាន់ៗរបស់ផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ថាតារាចម្រៀងឯករាជ្យរូបនេះ ចូលរួមរស់និងជ្រកក្រោមផលិតកម្មដែលប្រមូលផ្ដុំទៅដោយឧកញ៉ានៅស្រុកខ្មែរ។ ដើម្បីស្រាយនូវការភ័ន្តច្រឡំនេះ នេន ទុំ បានប្រញាប់ចេញមកបកស្រាយភ្លាមៗក្ដៅៗ នៅលើបណ្ដាញសង្គមរបស់លោក។

នេន ទុំ បានលើកឡើងថា៖ «ថ្ងៃនេះសូមស្រាយចម្ងល់បងប្អូនបន្តិច ខ្ញុំបាទ នេនទុំ.ជាមួយក្រុមហ៊ុន Galaxy Navatra គ្រាន់តែ សហការការងារគ្នា ទៅតាមពេលវេលាដែលអាចធ្វើទៅបាន តែប៉ុណ្ណោះ ពុំមានកិច្ចក្រុងត្រាការងារអ្វីទាំងអស់។ បញ្ជាក់: ខ្ញុំអាចទទួលធ្វើការផ្សេង ជូនក្រុមហ៊ុនផ្សេងបាន ចឹងសូមបងប្អូនមហាជនទទួលជ្រាបជាព៌តមាន ជួយShareឲ្យដឹងតគ្នាផងបងប្អូនយើង »
ក្រោយមានការបកស្រាយរបស់ នេន ទុំ រួចធ្វើឱ្យអ្នកលេងបណ្ដាញសង្គមមួយចំនួន ដែលទំនងជាមានការភ័ន្តច្រឡំថាលោកជាប់កុងត្រាលើកឡើងជាមតិយោបល់ស្រដៀងៗគ្នាថា៖ ខ្ញុំច្រឡំមែនតើ ស្មានតែបងជាប់កុងត្រា និង អរស្មានថាជាប់កុងត្រាជាមួយកាឡាក់ស៊ី ជាដើម។

ជាការកត់សម្គាល់ មួយរយៈមុន នេន ទុំ ក៏ធ្លាប់បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ពីរឿងរ៉ាវជីវិតលោកជាពិសេសដែរ នៅពេលដែលលោកចេញមកប្រកាសពីរឿងដែលខ្លួន ទទួលបានការជួយជ្រោមជ្រែងពី ម៉ាដាម ដា ដើម្បីផលិតបទចម្រៀងថ្មីរបស់់លោកគឺបទ «បើកទំព័រសាស្ត្រា» ឱ្យចេញជារូបរាង ដោយសារតែលោកស្ទើកញ្ចប់ថវិកា។ ការបកស្រាយប៉ុណ្ណេះ ល្មមធ្វើឱ្យអ្នកតាមដាន ជ្រាបច្បាស់និងលែងមានមន្ទិលសង្ស័យទៀតហើយថាតារារូបនេះជាប់កុងត្រាជាមួយនឹងផលិតកម្មកាឡាក់ស៊ី។ ដូចនេះ នេន ទុំ នៅតែជាតារាចម្រៀងឯករាជ្យ មានសិទ្ធិទទួលការងារដោយសេរីជាមួយនឹងគ្រប់ដៃគូទាំងអស់៕

