ទីក្រុងយុនដេ៖ យោងតាមសាក្សីនិងប៉ូលីសក្នុងតំបន់ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និង២០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការបំផ្ទុះមួយកាលពីថ្ងៃអាទិត្យ នៅក្នុងតំបន់ Anglophone ភាគពាយព្យនៃប្រទេសកាមេរូន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន Xinhua នាថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

ការបំផ្ទុះបានកើតឡើងនៅទីក្រុង Nkambe ដែលជាទីប្រជុំជនក្នុងតំបន់ ខណៈក្មេងៗសិស្សសាលាកំពុងចូលរួមក្នុងសកម្មភាពប្រារព្ធទិវាយុវជនជាតិ ដែលបានប្រារព្ធឡើងនៅក្នុងប្រទេស កាលពីថ្ងៃទី១១ ខែកុម្ភៈ ដោយទិវានេះបានចាប់ផ្ដើមតាំងពីឆ្នាំ១៩៦៦។ ក្រោយកើតហេតុ អ្នកដែលទទួលរងផលប៉ះពាល់ជាច្រើន គឺជា កុមារនៅសាលាក្នុងទីក្រុងខាងលើនេះ។

ប្រភពសន្តិសុខក្នុងតំបន់បានប្រាប់ស៊ីនហួ ថា «បុគ្គលិកសុខាភិបាលកំពុងធ្វើការយ៉ាងលំបាក ដើម្បីព្យាបាលកុមារជាច្រើននាក់ដែលបានរងរបួសធ្ងន់ធ្ងរ»។ ប្រភពបន្ដថា «ការស្លាប់អាចកើនឡើង។ វាជាស្ថានភាពដ៏គួរឱ្យព្រួយបារម្ភមួយ ប៉ុន្តែទាហានដ៏ក្លាហានរបស់យើងបានបង្កើនសន្តិសុខ ដើម្បីតាមដានពួកភេរវករដែលបានប្រព្រឹត្តអំពើដ៏គួរស្អប់ខ្ពើមនេះ»។

ទាក់ទិននឹងបញ្ហានេះ អាជ្ញាធរមិនទាន់ធ្វើសេចក្តីថ្លែងការណ៍ជាផ្លូវការនៅឡើយទេ។
ដោយឡែកក្រុមអ្នកផ្ដាច់ខ្លួនបានដាក់បិទខ្ទប់យៈពេល ៣ថ្ងៃ ដើម្បីរំខានដល់សកម្មភាពនានានៅក្នុងតំបន់ដែលពួកគេមានការប៉ះទង្គិចជាមួយកងកម្លាំងរដ្ឋាភិបាលចាប់តាំងពីឆ្នាំ២០១៧ ក្នុងគោលបំណងដើម្បីបង្កើតប្រទេសឯករាជ្យមួយដែលពួកគេហៅថា «Ambazonia»៕

