កណ្តាល ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបែនដឹកដី បើកបុកម៉ូតូហុងដាឌ្រីម កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវមាត់ប្រឡាយ៩៤ មុខច្រកចូលព្រលានថ្មី ភូមិជើងព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ នឿម សម្បត្តិ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករដឹកប្រេង នៅការដ្ឋានព្រលាន ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ផ្ទះលេខ១៣៩ ផ្លូវលំ ភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជនម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC-3757 ជាមធ្យោបាយ ។
តាមប្រភពបានឱ្យដឹងថា មុនកើតហេតុរថយន្តបែនយុីឌុប ដឹកដី ម៉ាក SCANIA ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-3848 បើកពីជើងទៅត្បូង បត់ចូលការដ្ឋានព្រលាន បុកកិនម៉ូតូជនរងគ្រោះ នៅពីខាងស្តាំ ស្របទិសគ្នា កិនស្លាប់ភ្លាមៗនៅកន្លែង អ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យ ជាក់ស្តែង ទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ

