ភ្នំពេញ ៖ កម្លាំងនគរបាលជាតិ ចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេស ក្នុងយៈពេល៧ថ្ងៃ បានចំនួន១៣៣ករណី ឃាត់ខ្លួនជនសង្ស័យ២៩៤នាក់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

បើតាមលោកបណ្ដិត ទូច សុឃៈ (សុខៈ) បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិ ទាំងកម្រិតអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ទូទាំងប្រទេស ខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចដើម្បីសេចក្ដីសុខនិងភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ដោយបានចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេស ឃាត់ខ្លួនជនសង្ស័យសរុបចំនួន២៩៤នាក់។
លោកបន្តទៀតថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺជាកិច្ចការអាទិភាពមួយ ក្នុចចង្កោមការងារអាទិភាពចំនួន៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដៅយកមកអនុវត្តចាប់ពីដើមនីតិកាលទី៧ ស្របតាមមរតកគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងគោលការណ៍ដឹកនាំរបស់សម្ដេចហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ដោយឈរលើគោលការណ៍មនុស្សគ្រប់រូបមានសិទ្ធិ និងទំនួលខុសត្រូវដូចគ្នាចំពោះមុខច្បាប់ និងជាពិសេសដោយមានការដាក់ចេញគោលការណ៍ «សម្អាតផ្ទះយើង» ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអនុវត្តការធ្វើតេស្តរកសារធាតុញៀនលើមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ រហូតឈានដល់ការសម្រេចបណ្ដេញមន្រ្តីមួយចំនួនតូចចេញពីក្របខ័ណ្ឌ បន្ទាប់ពីរកឃើញថាបានប្រើប្រាស់គ្រឿងញៀន៕
អត្ថបទ៖ សង្គម

