ភ្នំពេញ ៖ ចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ដល់ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅទូទាំងប្រទេស បានចំនួន៦៨ករណី នឹងបានឃាត់ខ្លួនជនសង្ស័យចំនួន៩១នាក់ត្រឹមតែរយៈពេលមួយសប្តាហ៍។

យោងតាមតេឡក្រាមរបស់លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងបហាផ្ទៃបានឱ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ក្នុងប្រតិបត្តិការទាំង៦៨ករណី សមត្ថកិច្ចនគរបាលជាតិ ធ្វើប្រតិបត្តិការបង្ក្រាបលើដែនដីរាជធានីខេត្តចំនួន១៦ មានដូចជា ភ្នំពេញ, កណ្ដាល, ព្រៃវែង, ស្វាយរៀង, កំពង់ចាម, កំពង់ធំ, កំពង់ឆ្នាំង, កំពត, កោះកុង, ក្រចេះ, ត្បូងឃ្មុំ, ពោធិសាត់, បាត់ដំបង, បន្ទាយមានជ័យ, មណ្ឌលគិរី, និងខេត្តតាកែវ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ទៀតថា បទល្មើសដែលបានកម្លាំងសមត្ថកិច្ចបង្រាបបានរួមមាន អំពើហិង្សា លួច ប្លន់ រំលោភសេពសន្ថវៈ បំពានផ្លូវភេទ និងឃាតកម្មជាដើម។ ក្នុងនោះ បទល្មើសដែលកើតច្រើនជាងគេ គឺហិង្សា ដែលមានចំនួន៣០ករណី។ បន្ទាប់មកបទល្មើសលួច ចំនួន១៨ករណី។ ចំណោមបទល្មើសដែលកើតឡើងនេះ ក៏មានបទល្មើសឃាតកម្មដែលជាបទឧក្រិដ្ឋចំនួន៧ករណីផងដែរ។

ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទនេះ អនុវត្តតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។ ក៏ដូចជាឈរលើច្បាប់ គោលការណ៍ដឹកនាំ និងនយោបាយសន្តិសុខ ជាពិសេស ឈរលើទិសដៅអាទិភាពទាំង៦ ដែលដាក់ចេញដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាដើមនីតិកាលទី៧ នៃរដ្ឋសភា រួមមាន បញ្ហាគ្រឿងញៀន ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង ការជួញដូរមនុស្ស និងបញ្ហានានាតាមបន្ទាត់ព្រំដែនគោកនិងទឹក៕

អត្ថបទ សង្គម

Share.