ភ្នំពេញ ៖ រថយន្តបង្កបើកបុកពីក្រោយ ម៉ូតូហុងដាគុបជ្រុងជិះគ្នា៣នាក់ឪពុកកូន បណ្តាលឱ្យផ្លោងធ្លាក់ចូលប្រឡាយ ស្លាប់កូនស្រី និងរបួសស្រាលឪពុកនិងកូន កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយរថយន្តបើករត់គេចបាត់ សមត្ថកិច្ចធ្វើការស្រាវជ្រាវ ទីបំផុតនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឃើញយកទៅចតប្លុងចោលនៅមុខអាគារ បុរី អ & អេហ្វ (R&F) ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

រថយន្តបង្កម៉ាកREVO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1520 តែម្ចាស់អ្នកបើកបរគេចខ្លួនបាត់ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះ៣នាក់ឳពុកកូនតូច ជិះម៉ូតូ ហុងដាគុប ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AV-8317 កំពុងធ្វើដំណើរពីត្បូងទៅជើង ត្រូវបានរថយន្តបង្កបើកបុកពីក្រោយ បណ្តាលឱ្យផ្លោងធ្លាក់ចូលប្រឡាយ ហើយរថយន្តបើករត់គេចបាត់ ។

ជនរងគ្រោះទាំង៣នាក់ឪពុកកូនត្រូវបានគេដឹកតាមម៉ូតូកង់បីយកទៅគ្លីកិកឯកជន មានជ័យ១ តែដោយឃើញក្មេងស្រីរងរបួសធ្ងន់ បានឱ្យក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យគន្ធបុប្ផា ជាអកុសលបានស្លាប់ ក៏ដឹកវិលទៅផ្ទះវិញ ។

ក្មេងស្រីដែលបានស្លាប់ មានឈ្មោះ សោម ម៉ូលីកា អាយុ១០ឆ្នាំ ចំណែកឪពុករងរបួសស្រាល ឈ្មោះ សោម សីហាក់ អាយុ៣៥ឆ្នាំ និងកូនប្រុសម្នាក់ទៀតឈ្មោះ សោម បញ្ញា អាយុ៣ឆ្នាំ រងរបួសស្រាល ។ ជនរងគ្រោះទាំង៣នាក់ឪពុកកូន មានទីលំនៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ករណីខាងលើត្រូវបាន សមត្ថកិច្ចខណ្ឌដង្កោ សហការជាមួយការិយាល័យជំនាញ ធ្វើការស្រាវជ្រាវ ទីបំផុតនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រកឃើញរថយន្តបង្កហើយ ចតផ្លុងចោលនៅ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ក្រោយរកឃើញរថយន្តបង្ក សមត្ថកិច្ចស្ទូចលើកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ និងបន្តស្រាវជ្រាវរកម្ចាស់អ្នកបើកបរ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.