ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានស្រាវជ្រាវរកឃើញរថយន្តបង្ក នឹងអ្នកបើករថយន្តដែលបុកម៉ូតូ៣នាក់ឪពុកកូន បណ្តាលឱ្យស្លាប់កូនស្រីអាយុ១០ឆ្នាំ ឯឪពុកនឹងកូនប្រុសតូចរងរបួសស្រាល នៅតាមផ្លូវ៦០ម៉ែត្របានហើយ នៅថ្ងៃទី១៣​ខែ កុម្ភៈ ឆ្នាំ២០២៤នេះ។

គួរំលឹកដែរថា កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះជិះម៉ូតូហុងដាគុប ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1AV-8317ពណ៌ខៀវ ឌុបកូន២នាក់ធ្វើដំណើរពីត្បូងទៅជើង ដល់ចំណុចកើត ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកស្របទិសបុកពីក្រោយម៉ូតូ ប្លោងធ្លាក់ចូលប្រឡាយ បណ្តាលឱ្យក្មេងស្រីអាយុ១០ឆ្នាំស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យគន្ធបុប្ផា ឯឪពុកនឹងកូនប្រុសតូចរងរបួសស្រាលបានដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យឯកជន ហើយរថយន្តបើករត់គេចទៅបាត់ពីកន្លែងកើតហេតុ។

លុះដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានស្រាវជ្រាវរកឃើញរថយន្តបង្កម៉ាកREVO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1520 ដែលម្ចាស់យកមកចតប្លុងចោលនៅមុខអាគារបុរី អ & អេហ្វ (R&F) ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ក្រោយឃើញរថយន្តបង្កហើយ សម្ថកិច្ចបានស្រាវជ្រាវបន្តទៀតរហូតឃាត់ខ្លួនអ្នកបើកបរជាជនជាតិចិនបាននៅថ្ងៃដដែល។ បច្ចុប្បន្នអ្នកបើកបររថយន្តបង្កត្រូវបាននាំខ្លួនមកសួរនាំនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ សង្គម

Share.