ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានផ្តល់អនុសាសន៍៩ចំណុច ដល់ប្រតិបត្តិករស្ថាប័នវិទ្យុនៅកម្ពុជា ក្នុងឱកាសទិវាវិទ្យុពិភពលោក លើកទី១៣ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ចាប់តាំងពីឆ្នាំ២០១៣ ពិភពលោកប្រារព្ធទិវាវិទ្យុពិភពលោក ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជននិងប្រព័ន្ធផ្សព្វផ្សាយពីសារៈសំខាន់នៃវិទ្យុ លើកទឹកចិត្តដល់អ្នកធ្វើគោលនយោបាយ(ក្រសួងមានសមត្ថកិច្ច) បង្កើតនិងផ្តល់លទ្ធភាពដើម្បីទទួលបានព័ត៌មានតាមរយៈវិទ្យុ និងបង្កើនបណ្តាញនិងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងចំណោមប្រតិបត្តិករវិទ្យុទាំងអស់។

ទិវាវិទ្យុពិភពលោកលើកទី១៣ នៅក្នុងឆ្នាំ២០២៤នេះ ត្រូវបានប្រារព្ធក្រោមប្រធានបទ «មួយសតវត្សរ៍ នៃវិទ្យុក្នុងការផ្តល់ព័ត៌មាន អប់រំ និងការកម្សាន្ត -Radio: A Century informing, entertaining and educating»។ ប្រធានបាននេះ មានគោលបំណងឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់ ដែលក្នុងរយៈពេលជាង១ សតវត្សរ៍មកនេះ នៅតែជាឧបករណ៍គមនាគមន៍ដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយព័ត៌មាននយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី ការអប់រំ និងការកម្សាន្ត តាមសម័យកាលនីមួយៗ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។

រហូតមកដល់បច្ចុប្បន្ននេះ ស្ថាប័នវិទ្យុនៅតែបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមគ្រប់គ្រងលំហព័ត៌មាន សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គមកម្ពុជា តាមរយៈការរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសការផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងគោលបំណងកៀរគរការចូលរួមអនុវត្តនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ដើម្បីបង្កើននូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។

ដោយទទួលស្គាល់នឹងវឌ្ឍនភាពឥតឈប់ឈររបស់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធឌីជីថល ដែលបានជះឥទ្ធិពលដល់វិទ្យុ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយប្រពៃណីដទៃទៀត ឆ្លៀតក្នុងនៃទិវាវិទ្យិពិភពលោកនេះ ឯកឧត្តម រដ្ឋមន្រ្តី បានផ្តល់អនុសាសន៍៩ចំណុច ជូនប្រតិបត្តិករស្ថាប័នវិទ្យុនៅកម្ពុជាដូចខាងក្រោម៖
១. យកចិត្តទុកដាក់កសាង និងអភិវឌ្ឍសមត្ថភាពដឹកនាំ និងប្រតិបត្តិ ដើម្បីរួមចំណែកប្រែក្លាយស្ថាប័នព័ត៌មាន ទៅជា ស្ថាប័នទំនាក់ទំនងសាធារណៈ ប្រកបដោយបុរេសកម្ម សកម្ម និងអន្តរសកម្ម ប្រកកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

២. បន្តលើកកម្ពស់ និងកសាងសមត្ថភាពក្នុងការផលិតមាតិកាកម្មវិធីប្រកបដោយគុណភាព និងភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ តាមរយៈអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»។
៣. បន្តរួមគ្នាការពារសណ្ដាប់ធ្នាប់ស្ថាប័នសារព័ត៌មាន និងសន្តិសុខព័ត៌មាន ដើម្បីរក្សាឱ្យបាននូវសន្តិភាព និងស្ថេរភាពកម្ពុជា ដោយត្រូវផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយគុណភាព ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវសារព័ត៌មាន។
៤. បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីចូលរួមអភិវឌ្ឍមធ្យោបាយផ្សព្វផ្សាយនេះឱ្យកាន់តែរីកចម្រើន ក្រោមគោលការណ៍នៃការជឿទុកចិត្ត សមភាព វឌ្ឍនភាព និងផលប្រយោជន៍
៥. ជំរុញការធ្វើសមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយបុរាណជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើប ដោយត្រូវយកចិត្តទុកដាក់ ជាពិសេសលើការធ្វើបរិវត្តកម្មឌីជីថលទៅក្នុងប្រតិបត្តិការរបស់ខ្លួន។
៦.ខិតខំពង្រឹងសមត្ថភាពជាមូលដ្ឋានដល់ពិធីករ និងពិធីការនី និងបង្កលក្ខណៈស្វែងយល់បន្ថែមលើអក្សរសាស្ត្រ វប្បធម៌ ទំនៀមទំលាប់ប្រពៃណីជាតិជាដើម ដើម្បីជៀសវាងកំហុសឆ្គង ដែលអាចកើតមាននៅពេលផ្សព្វផ្សាយ
៧. បន្តចូលរួមលើកកម្ពស់ការផ្សព្វផ្សាយ ដើម្បីប្រឆាំងនឹងការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន គ្រោះថ្នាក់ចរាចរ និងការសេពគ្រឿងស្រវឹង។
៨. បន្តលើកកម្ពស់ការផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព តាមគ្រប់រូបភាព ដើម្បីរក្សានូវសណ្តាប់ធ្នាប់សង្គម។
៩. បន្តកិច្ចសហការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការជ្រៀតជ្រែកព័ត៌មានពីខាងក្រៅ។


ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរ ពីកិច្ចខិតខំប្រឹងប្រែងអនុវត្តនូវភារកិច្ចក្នុងស្មារតីទទួលខុសត្រូវ និងបានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះការពុះពារជំនះនូវរាល់ឧបសគ្គរបស់លោក លោកស្រីជាផលិតករ ពិធីករ ពិធីការិនី អ្នកបច្ចេកទេស និងអ្នកសារព័ត៌មាន នៃស្ថាប័នវិទ្យុរដ្ឋនិងឯកជន ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ជូនសាធារណជនជាតិនិងអន្តរជាតិ ជាពិសេសគឺការចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិកអុជអាល ញុះញង់ ជេរប្រមាថ និងរើសអើង ក្នុងគោលបំណងបង្កអសន្តិសុខសង្គម និងបំផ្លាញនូវសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ៕

អត្ថបទ៖ សង្គម

Share.