ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ ២០២៤នេះ មន្ត្រីជំនាញផ្នែកបសុធ្យាបាលខេត្តត្បូងឃ្មុំ បានចុះពន្យល់ណែនាំប្រជាពលរដ្ឋ និងធ្វើជីវៈសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគផ្ដាសាយបក្សី នៅតាមកសិដ្ឋាន ទ្រុងមាន់ ទ្រុងទា របស់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកអូររាំងឪ ស្រុកត្បួងឃ្មុំ ខេត្តត្បូងឃ្មុំ។

អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តត្បូងឃ្មុំ លោក កែន ច័ន្ទសុជាតិ បានឲ្យដឹងថា ដោយមានការព្រួយបារម្ភ និងចង្អុលបង្ហាញ ពីឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ្ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអនុប្រធានបានដឹកនាំមន្ត្រីជំនាញ ផ្នែកបសុព្យាបាល ចុះពន្យល់ប្រជាពលរដ្ឋ និងធ្វើជីវៈសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគផ្ដាសាយបក្សី នៅតាមកសិដ្ឋាន ទ្រុងមាន់ ទ្រុងទា របស់ប្រជាពលរដ្ឋចំនួន៤ភូមិ ទី១.ភូមិទួលឃ្លាំង ២.ភូមិបឹងកាង ៣.ភូមិទួលព្នៅ ៤.ភូមិត្រពាំងគង ដែលស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងគោលបំណង ដើម្បីធានាសុខភាពសុវត្តិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ។

លោកបន្តទៀតថា មិនត្រឹមតែដល់រដូវកាល បុណ្យទានធំៗ មន្ត្រីយើងតែងតែ អនុវត្តន៍បែបនេះជាប្រចាំ ដើម្បីធានាសុខភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធានាអនាម័យឲឱ្យមានសុខភាពល្អទាំងសត្វ និងមនុស្ស៕

អត្ថបទ៖ សាន វីឡែម

