នៅកំពង់ភ្លុក មានធ្វើបុណ្យដាក់ដំណាក់ពីរដងក្នុងមួយឆ្នាំ ពោលគឺ«បុណ្យដាក់ដំណាក់ទឹកស្រក»ធ្វើពេលខែទឹកទន្លេស្រក និង «បុណ្យដាក់ដំណាក់ទឹកឡើង» ធ្វើនៅខែទន្លេទឹកឡើង។ នេះបើយោងតាមការចុះផ្សាយនៅផេកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៣ កុម្ភៈ ២០២៣។
គេអាចធ្វើនៅខែខ្នើត ឬខែរនោចក៏បាន ឱ្យតែថ្ងៃឡើងរោងប៉ះចំថ្ងៃសុក្រ និងបញ្ជូននៅថ្ងៃសៅរ៍។ កាលបើរើសថ្ងៃសម្រាប់ពិធីដាក់ដំណាក់ខែមាឃ(ដាក់ដំណាក់ខែទឹកស្រក)ត្រូវនឹងខែកុម្ភៈបានហើយ គេនឹងរើសយកថ្ងៃឆាន់ភូមិនៅថ្ងៃនោះតែម្តង ដោយមានរយៈពេលពីរថ្ងៃ។ អ្នកស្រុក ក៏បានបញ្ចូលបុណ្យឡើងមាឃ នៅក្នុងថ្ងៃនេះដែរ ប៉ុន្តែ រយៈពេល៣ឆ្នាំ ទើបគេរៀបចំពិធីនេះម្តង។











បុណ្យដាក់ដំណាក់ ដែលធ្វើក្នុងពេលខាងលើនេះ ពាក់ព័ន្ធនឹងកម្ពស់ទឹកទន្លេសាប បរិស្ថានធម្មជាតិ ទិន្នផលត្រី និងការបញ្ចៀសជំងឺរាតត្បាតក្នុងភូមិ។ ពោល គឺនៅខែបុស្ស-មាឃជាពេលកំពុងពេញរកត្រី ខែចេត្រ ជាពេលទឹកទន្លេស្រកខ្លាំង។ ពិធីនេះ ដើរស្របនឹងវដ្ដជីវិតត្រីផង និងវដ្ដនៃការនេសាទផង។ ក្នុងឆ្នាំនេះ អ្នកភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង នឹងរៀបចំធ្វើពិធីបុណ្យដាក់ដំណាក់ទឹកស្រក នៅរសៀលថ្ងៃទី១៥ នឹងឆ្លងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤៕
អត្ថបទ និងរូបភាព៖ ផ្នែកស្រាវជ្រាវនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
