ករណី​នាយ​គ្រឿ​ន​ជ្រុលខ្លួន​ថត​ចម្រៀង​ប្រូម៉ូត​ល្បែងអនឡាញ ដូច​ជា​មិន​ទាន់​រក​ឃើញ​ទី​បញ្ចប់​នៅ​ឡើយ បើ​ទោះ​ជា​សាមីខ្លួន​លោក​បាន​ចេញ​មក​បញ្ជាក់​ថាខ្លួន​នឹង​ឈប់​ផ្សាយ​ ល្បែង និង​ស្រា អស់មួយ​ជីវិត​ក្ដី​។ ការ​ដែល​រឿង​នេះ​មិន​ទាន់​រក​ភាគ​បញ្ចប់​ឃើញ​ដោយ​សារ​តែ​អាចារ្យ​ធំ បាន​ចេញ​មក​និយាយ​ក្នុង​ការ​ Live  មួយ​របស់​លោក​ ពី​ករណី​របស់​នាយ​គ្រឿន​នេះ​ តែ​ត្រូវ​បាន​ភាគី​លោក​ ពាក់មី Screen Shot យក​ទៅ​បង្ហោះ​ថា​ ៖ «មិន​គាំទ្រ​ អ្នក​យក​រឿង​គេមក​និយាយ ហើយ​ឆ្លៀត​លក់​ផលិតផល​» គ្រាន់តែ​ពាក់​មី​បង្ហោះ​ បាន​២៧​នាទី អាចារ្យ​ធំបាន Screen Shot ការបង្ហោះ​របស់​នាយ​ពាក់មី​វិញ​ភ្លាម ដោយ​ភ្ជាប់​សម្ដី​បែបកម្រោល​ចូល​ថា​៖ ឱ្យ​អញ​ទៅ​ឡាយ​នៅផ្ទះ​អ្នក​ផ្សាយ​ល្បែង​ចុះ?។ ការប្រើ​ប្រាស់​សម្ដី​មិន​សូវ​ជា​ទំនង និង​គ្មាន​សុជីវធម៌របស់​បុរស​ដែល​ហៅ​ខ្លួន​ឯង​ថា​អាចារ្យ​ធំ​ នេះ​ ត្រូវ​បាន​តារា​កំប្លែង​ដ៏​ល្បី​និង​ជា​ប្រធានក្រុម​បាល់ទាត់ ផ្ការីកគ្រប់​រដូវ​ លោក​ពាក់មី ឆ្លើយតប​​ទៅវិញបែប​អ្នក​មាន​សុជីវធម៌ តែ​អាច​ធ្វើ​ឱ្យ​អ្នក​ស្ដាប់​ឈឺ​ខួរ​ដែរថា​៖ «សម្ដីឈ្លើយមែនប្អូន ប្អូន​អួតថា​ស្រលាញ់​វប្បធម៌ តែសម្ដី​មិន​ថ្លៃថ្នូរសោះ យ៉ាងណា​ក៏​ប្អូន​ធ្លាប់មក​ផឹកស្រា​ផ្ទះ​បងដែរ តើប្អូន​ភ្លេច​ហើយ​ឬ?»

ការ​លើក​ឡើង​ខ្លីៗ របស់​នាយ​ពាក់មីនេះ ត្រូវ​បានភាគី​អ្នក​គាំទ្រ​អាចារ្យ​ធំ ចូល​មក​លើក​ឡើង​ថា​ «គេនិយាយត្រូវ មកពីលោកពាក់មីឯង ថាអោយគេមុន» តែត្រូវ​លោក​ពាក់មី ចូលមក​ឆ្លើយតបវិញ​ថា «ខ្ញុំមិនបះគេមុនទេបង​ មុនខមិន​ គួតែដឹងពី​ សាច់រឿងសិន»

យ៉ាង​ណា​មិញ​បើ​ងាក​មកមើល​អ្នក​​គាំទ្រ​លោក​ ពាក់មី ម្នាក់ៗ​ បាន​ចូលមក​ជូនពរ​ឱ្យ​លោក​ពាក់មី សំណាង​ល្អ ខណៈដែល​អ្នក​មួយ​ចំនួន​ទៀតបាន​លើក​ជា​មតិ​ថា​៖ តាំង​ខ្លួន​ជា​អាចារ្យ តែដើរ​ប្រហារគេ សម្ដីវិញមិន​បាច់និយាយ​ទេ»

ករណី​ហែកហួរ​នៅ​ក្នុង​ចង្កោម​អ្នក​សិល្បៈ​មួយ​រយៈ​នេះ​ ប្រៀបដូច​ជា​ឈ្មោះ​ក្រុម​បាល់ទាត់​របស់​ លោក​ពាក់មី គឺ​កំពុង​តែ​រីកស្គុះស្គាយ ដោយ​ចប់​ពី​ករណី​មួយ​ចូល​ដល់​ករណី​មួយ​ រហូត​សាធារណជន​ខ្លះ​បង្ហាញ​ពី​ក្ដី​កង្វល់​ថា​ ការ​ដែល​បុគ្គល​មាន​មុខ​មាត់ និង​មាន​កេរ្តិ៍ឈ្មោះ ចេញ​មក​វាយ​ប្រហារ​ បកអាក្រាត និង​ជេរបញ្ចោរគ្នា​ជា​សាធារណៈបែប​នេះ នឹង​បង្កការ​បំពុល​ដល់​សង្គម​ជាតិ​ ដែល​កំពុង​តែ​ពុល​ដោយ​ដំណឹង​មិន​ពិត​ ការ​បង្កើត​ព្រឹត្តិការណ៍ និង​រឿង​ហេតុ​ផ្សេងៗ​ជា​រៀង​រាល់​ថ្ងៃ​ រហូត​ដល់​ពិបាក​បែងចែក​បាន​ថាអ្វី​ពិត និង អ្វី​មិន​ពិត​៕

Share.